សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ : អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤០០នាទី ក្រុមបាតុករជាអតីត បុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមាណជា ៩០នាក់ បានបន្តមកប្រមូលផ្ដុំគ្នធ្វើ បាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្តេចសុធារស ដោយធ្វើដំណើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុច ផ្សារទំនើបអុីអន១ មកដល់ចំណុចសួនច្បារមុខសកលវិទ្យាល័យ បៀល ប្រាយ។

ដូចសព្វមួយដង ក្រោមការរៀបចំផែនការរួចជាស្រេចរបស់ក្រុមមនុស្សមួយក្តាប់តូចដែលនៅ ពីក្រោយការរៀបចំឈុតឆាកសម្ដែង ក្នុងន័យបង្កើតរូបភាពអវិជ្ជមាន បង្កការប៉ះពាល់ដល់មុខមាត់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមនេះបានបន្តធ្វើសកម្មភាពអាណាធិបតយ្យយ៉ាងគគ្រើនជាដដែលៗ។ ជាក់ស្ដែង នៅវេលាម៉ោង ១៥:១៥នាទី ពួកគេបានរៀបចំបង្កើតឱ្យមានព្រឹត្តិការណ៍ផ្សេងៗដើម្បីទម្លាក់កំហុសមក លើអាជ្ញាធរអនុវត្តច្បាប់ (ថាបានប្រើអំពើហិង្សាលើបាតុករ) ដោយធ្វើសកម្មភាពញុះញង់ ដុតកម្តៅ បញ្ឆេះកំហឹង បន្តការជេរប្រមាថមកលើមន្ត្រីសាធារណៈ ហើយថែមទាំងជាន់កម្ទេចបំផ្លាញប៉ារាស ធ្វើឱ្យ ខូចខាតជិត ២០ផ្ទាំង ហើយសមត្ថកិច្ចនៅតែបន្តស្រាក់ដៃគ្នាធ្វើជាប៉ារាសការពារដើម្បីរក្សាសណ្តាប់ធ្នាប់ សាធារណៈ ប៉ុន្តែពួកគេបានប្រើហិង្សាថែមទៀតមកលើសមត្ថកិច្ចរហូតដល់មានការប៉ះទង្គិចគ្នាបន្តិចបន្តួច។ ដូចផែនការដែលបានគ្រោងទុក ក្រុមអគតិមួយក្តាប់តូចបានធ្វើការបង្ហោះ ចែកចាយនូវរូបភាពដែល បានចងក្រងទុកជាមុន ក្នុងន័យទម្លាក់កំហុសមកលើសមត្ថកិច្ច។

ចំពោះព្រឹត្តិការណ៍ថ្ងៃនេះ តាមរយៈភស្តុតាងដែលមានស្រាប់នានា អាជ្ញាធរមានសមត្ថកិច្ចនឹង ចងក្រងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីនាំជនដៃដល់មកផ្តន្ទាទោសតាមច្បាប់នូវ សកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប្រើអំពើហិង្សាមកលើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា ប្រមាថមកលើមន្ត្រីរាជការកំពុងបំពេញភារកិច្ច។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់បន្ថែមទៀតថា រៀងរាល់លើកដែលមាន សកម្មភាពធ្វើបាតុកម្មខុសច្បាប់របស់ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ មិនដែលមានព្រឹត្តិការណ៍កើតឡើងដូចថ្ងៃនេះទេ ប្រសិនបើក្រុមបាតុករមិនធ្វើការបុកទម្លុះប៉ារាស និង បង្កអំពើហិង្សាមកលើសមត្ថកិច្ច។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅតែទទូចសូមធ្វើការអំពាវនាវដល់ក្រុមបាតុករជាអតីត បុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ មួយចំនួនតូចដែលនៅសេសសល់ សូមបញ្ឈប់ការធ្វើ សកម្មភាពខុសច្បាប់ផ្សេងៗ រួមទាំងការប្រមូលផ្តុំធ្វើបាតុកម្មនៅតាមទីសាធារណៈ ដែលនាំឱ្យប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយងាកមកចូលរួមអនុវត្តយន្តការ ដោះស្រាយតាមច្បាប់គ្រប់ជាន់ថ្នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print