អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានទៅដល់ប្រទេសថៃហើយនៅថ្ងៃទី១១ខែសីហា ដើម្បីស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសនេះក្រោយការស្នាក់នៅក្នុងប្រទេសសិង្ហបុរីអស់ពេលវេលា ។
តាមការលើកឡើងរបស់មន្ត្រីថៃ បានឱ្យដឹងថា លោក Gotabaya Rajapaksa បានទៅដល់ប្រទេសថៃនៅថ្ងៃទី១១ខែសីហា ។ យន្តហោះដឹកលោកបានចុះចតនៅអាកាសយានដ្ឋាន Don Mueang ក្នុងទីក្រុងបាងកក។ ការមកកាន់ប្រទេសថៃនេះគឺលោកមិនមានបំណងសុំភៀសខ្លួននោះឡើយ ដោយគ្រាន់តែមកស្នាក់នៅបណ្តោះអាសន្នដូចជនបរទេសផ្សេងទៀតប៉ុណ្ណោះ។
មន្ត្រីថៃបានបញ្ជាក់ថា លោក រ៉ាចាប៉ាក់សាទទួលបានការស្នាក់នៅបណ្ដោះអាសន្នក្រោមហេតុផល មនុស្សធម៌ ប៉ុន្តែលោកមិនអាចចូលរួមធ្វើសកម្មភាពនយោបាយ ក្នុងពេលស្នាក់នៅក្នុងប្រទេសថៃឡើយ។
លោក រ៉ាចាប៉ាក់សា បានភៀសខ្លួនចេញពីស្រីលង្កាឆ្ពោះទៅកាន់សិង្ហបុរីកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅ ចំពោះមុខបាតុកម្មតវ៉ា ទាមទារឱ្យលោកចុះចេញពីតំណែង។ លោកបានសម្រេចចិត្តលាលែងចេញពីតំណែងភ្លាមៗក្រោយទៅដល់សិង្ហបុរី តាមការទាមទាររបស់ក្រុមបាតុករដែលបានចោទប្រកាន់រូបលោកថាបរាជ័យក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច៕ ដោយ ធីរីណា
រូបថត:REUTERS