លោក​ ម៉ាង ស៊ីណេត អញ្ជើញបើកសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្ដីពីការបង្ការ ការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បេី​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១២​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្ដីពីការបង្ការ ការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅគ្រឹះស្ថានសិក្សាវិក្រឹតការខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងសិស្សានុសិស្ស។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងកាលពីថ្ងៃទី១១ ខែសីហាម្សិលមិញនេះ​ថា ក្នុងនាមរដ្ឋបាលខេត្ត សូមផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមនិងក្រុមប្រឹក្សាយុវជនត្រូវយកចិត្តទុកដាក់ស្ដាប់ និងរៀនសូត្រនូវច្បាប់ និងគោលការណ៍ណែនាំនានា ពាក់ព័ន្ធនឹងការបង្ការ ការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិចគ្រឿងញៀនខុសច្បាប់ មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតាមគ្រឹះស្ថានសិក្សា ដែលបង្ហាញពីអាជ្ញាធរជំនាញ។ ទន្ទឹមនោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនរបស់យើងទាំងអស់ត្រូវធ្វើជាគំរូល្អ និងបន្តផ្សព្វផ្សាយដល់យុវជន សិស្ស និស្សិតដទៃកុំប្រព្រឹត្តនូវអំពើទាំងនេះដែលនាំអោយអន្តរាយដល់ខ្លួន អាយុជីវិតខ្លួនឯង ជីវិតអ្នកដទៃនឹងធ្វើឱ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមថែមទៀតផង។ យុវជនត្រូវតែមានការអប់រំល្អ ត្រូវរួមគ្នាធ្វើឱ្យសង្គមរបស់យើងគ្មានគ្រឿងញៀន ជក់បារី មិនសេពសុរា និងការពារខ្លួនពីគ្រោះថ្នាក់ចរាចរណ៍។

លោកអភិបាលរងខេត្ត បានបន្តថាឆ្នាំ២០២១-២០២២កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសយកទីតាំងខេត្តព្រះសីហនុលើផ្ទៃដីចំនួន ២០ហិកតា ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដើម្បីសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍។ មក ដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលបានទទួលជនរងគ្រោះមកព្យាបាលបន្សាប និងស្ដារនីតិសម្បទាចំនួន ៣០៧នាក់ (ស្រី ០០នាក់) បានធ្វើសមាហរណកម្មសរុបចំនួន ៧៦នាក់។ ជនរងគ្រោះកំពុងស្នាក់នៅក្នុងមណ្ឌលទទួលការព្យាបាល និងបន្សាបគ្រឿងញៀនមានចំនួន ២៣១នាក់ ក្នុងនោះជនរងគ្រោះមកពីខេត្តព្រះសីហនុមានចំនួន ៥១នាក់។ ក្នុងក្នុងអំឡុងពេលដំណើរការកន្លងមក មជ្ឈមណ្ឌលបានជួបប្រទះនូវបញ្ហាប្រឈមដូចជា ខ្វះទឹកប្រើប្រាស់ ខ្វះសម្ភារៈប្រើប្រាស់ផ្នែកការងាររដ្ឋបាល ការបណ្ដុះបណ្ដាល និងសម្ភារៈកីឡា ព្រមទាំងពុំអាចភ្ជាប់នូវប្រព័ន្ធអ៉ីនធើណេត និងសេវាទូរសព្ទជាដើម។

លោកស្រី​ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍កោតសរសើរវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរអប់រំ បានយកចិត្តទុកដាក់ក្នុងការអប់រំផ្សព្វផ្សាយ ស្ដីពីការបង្ការការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់ មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដល់យុវជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍បានយល់ដឹងពីគ្រោះថ្នាក់ខាងលើ ព្រោះយុវជនជាកម្លាំងស្នូលក្នុងការដឹកនាំ ជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងជាទំពាំងស្នងឬស្សីបន្តវេនដឹកនាំប្រទេសជាតិ។

លោកស្រី​បន្តថា ខេត្តព្រះសីហនុត្រូវបានទទួលស្គាល់ថា ជាខេត្តដែលមានសក្កានុពលក្នុងការ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើវិស័យពាណិជ្ជកម្ម ឧស្សាហកម្មទេសចរណ៍ កសិកម្ម ឧស្សាហកម្មសំណង់ អចលនទ្រព្យ និងកំពង់ផែទឹកជ្រៅ។ ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមជា “តារារះនាទិសនិរតី” ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍខ្លាំងក្លា ពិសេសការវិនិយោគលើវិស័យអចលនទ្រព្យរួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត ក្រៅពីនេះយើងក៏មានកំពង់ផែអន្តរជាតិ ទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងធនធានធម្មជាតិដ៏សម្បូរបែបដែលជាអំណោយផលដល់ការវិនិយោគលើគ្រប់វិស័យនៅក្នុងខេត្តព្រះសីហនុ ដូច្នេះទាមទារឱ្យយុវជនរបស់យើងមានចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិតប្រកបដោយសមត្ថភាពនាពេលខាងមុខ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print