ភ្នំពេញ : លោក Ralph Nader ដែលជាស្ថាបនិកផ្នែកសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៦៥ បានធ្វើការរិះគន់កម្មវិធីដែលអាចឱ្យរថយន្តបើកបរដោយខ្លួនឯង ‘Full Self Driving’ របស់ក្រុមហ៊ុន Tesla ថាវាជាមុខងារគ្រោះថ្នាក់ ហើយអាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការទាក់ទងទៅនឹងបញ្ហានេះ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី 12 ខែសីហា ឆ្នាំ 2022 បានបញ្ជាក់យ៉ាងដូច្នេះថា, លោក Nader បានបន្ថែមទៀតថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FSD នៅក្នុងរថយន្ត Tesla ជាការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុនរថយន្តទៅលើអ្នកប្រើប្រាស់ ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។ ជាងនេះទៅទៀត លោកក៏បានជំរុញឱ្យរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យា FSD ពីគ្រប់រថយន្ត Tesla ដែលកំពុងចរាចរ។
កាលពីសប្តាហ៍កន្លងទៅ នាយកដ្ឋានយានជំនិះរដ្ឋ California ក៏កំពុងពិចារណាថា តើគួរដកហូតអាជ្ញាប័ណ្ណលក់រថយន្តរបស់ក្រុមហ៊ុន Tesla បន្ទាប់ពីបានចោទប្រកាន់ក្រុមហ៊ុនពីការអនុវត្តអាជីវកម្មបោកបញ្ឆោត ទាក់ទងទៅនឹងកម្មវិធី ‘Full Self Driving’ នេះផងដែរ។ អាជ្ញាធរបានធ្វើការចោទប្រកាន់ក្រុមហ៊ុនថា បានផ្សព្វផ្សាយពាណិជ្ជកម្ម អំពីមុខងារដែលមិនអាចប្រើប្រាស់បានទាំងនៅពេលផ្សាយពាណិជ្ជកម្ម ហើយថែមទាំងមិនអាចធ្វើបាននាពេលបច្ចុប្បន្ន។ ការផ្សព្វផ្សាយនេះគឺជាការបំពានច្បាប់រដ្ឋ California ទាក់ទងនឹងការផ្សាយពាណិជ្ជកម្មដោយប្រើការអះអាងមិនពិតដើម្បីទទួលបានផលចំណេញពីទីផ្សាររបស់ពួកគេ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ បន្តថា, គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៦៥ លោក Nader បានអំពាវនាវនៅក្នុងសៀវភៅរបស់លោក ឱ្យមានការត្រួតពិនិត្យរបស់រដ្ឋាភិបាលចំពោះក្រុមហ៊ុនផលិតរថយន្ត និងត្រូវមានបទប្បញ្ញត្តិសម្រាប់ស្តង់ដារសុវត្ថិភាពយានយន្ត ដែលនៅទីបំផុតរដ្ឋាភិបាលបានបង្កើតទីភ្នាក់ងារសហព័ន្ធមួយ ហើយបន្ទាប់មកបានក្លាយទៅជា NHTSA ដើម្បីជួយសង្គ្រោះជីវិត និងកាត់បន្ថយការចំណាយសេដ្ឋកិច្ច ដោយសារគ្រោះថ្នាក់ចរាចរណ៍៕
ដោយ : សិលា