នៅថ្ងៃទី១៤ ខែសីហា យ៉ាងហោចណាស់ក៏មានមនុស្ស ៤១នាក់ស្លាប់ ក្នុងនោះមានកុមារ ១០នាក់ និងរបួស១៤នាក់ក្នុងគ្រោះអគ្គិភ័យនៅព្រះវិហារ Coptic Abu Sifin ដែលជាទីក្រុងធំទីពីរនៅក្នុងប្រទេសអេហ្ស៊ីប ស្ថិតនៅទល់មុខរដ្ឋធានីកៃរ៉ូ ម្នាក់ម្ខាងនៃដងទន្លេនីល(Nile) ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេហ្ស៊ីប បានប្រកាសថា តាមលទ្ធផលស្រាវជ្រាវជាបឋមបង្ហាញឱ្យឃើញថា «ការឆាបឆេះដោយសារតែទុស្សេខ្សែភ្លើង»ទើបបណ្តាលឱ្យមានភ្លើងឆាបឆេះព្រះវិហារ Abu Sifine។
ប្រភពព័ត៌មានសន្តិសុខបានបង្ហាញឱ្យឃើញថា គ្រោះអគ្គិភ័យឆាបឆេះនៅត្រង់ចំណុចផ្លូវចូលនៃព្រះវិហារ ក្នុងពេលដែលមានសាសនិកប្រមាណ៥០០០នាក់កំពុងតែធ្វើពិធីបន់ស្រន់។ គ្រោះអគ្គិភ័យបានបង្កឱ្យមានភាពចលាចលកើតឡើង ហើយក៏មានការប្រជ្រៀតជាន់លើគ្នា ។
តាមការលើកឡើងរបស់មន្ត្រីអេហ្ស៊ីប ភាគច្រើនករណីស្លាប់និងរបួសដោយសារតែមានផ្សែងក្រាស់នៅខាងក្នុងព្រះវិហារដែលមានពលរដ្ឋនៅទីនោះយ៉ាងច្រើន ។ ភាគច្រើនអ្នកស្លាប់ជាកុមារ។
លោក Yasir Munir សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា
«មនុស្សជាច្រើនបានជួបជុំគ្នានៅក្នុងជាន់ទី៣និងទី៤ ក៏ស្រាប់តែមានផ្សែងចេញពីជាន់ទីពីរគ្របដណ្តប់ទៅជាន់លើ។ អ្នកខាងក្នុង ក៏បាននាំគ្នារត់ចេញ ទើបបណ្តាលឱ្យមានការប្រជ្រៀតជាន់លើគ្នា។ ក្រោយមកក៏មានសំឡេងផ្ទុះខ្លាំង ហើយអណ្តាតភ្លើងក៏ឆាបឆេះចេញតាមបង្អួច»៕ ដោយ ធីរីណា
រូបថត :AP