ប្រធានាធិបតីរុស្ស៊ីលោកពូទីន បាននិយាយជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនថា ប្រទេសទាំងពីរនឹងពង្រីកទំនាក់ទំនងទ្វេភាគីជាទ្រង់ទ្រាយធំ ក៏ដូចជាអនុវត្តការខិតខំរួម។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី១៥ខែសីហា បានផ្សាយថា នៅក្នុងលិខិតផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ក្នុងទិវារំដោះកូរ៉េខាងជើង ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានប្រកាសថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ជួយបង្កើនសន្តិសុខការពារ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងតំបន់អាស៊ីភាគឦសាន។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនថា ប្រទេសទាំង២នឹងពង្រីក ទំនាក់ទំនងទេ្វភាគីគ្រប់ជ្រុងជ្រោយ និងប្រកបដោយលក្ខណៈស្ថាបនាក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា។
សារព័ត៌មាន KCNA បានផ្សាយថា លោក គីម ជុងអ៊ុន ក៏បានផ្ញើលិខិតមួយច្បាប់តបទៅកាន់លោក ពូទីនផងដែរ ដោយនិយាយថាទំនាក់ទំនងមិត្តភាពរវាងរុស្ស៉ី នឹងកូរ៉េខាងជើងមានភាពរឹងមាំតាំងតែពីសម័យសង្រ្គាមលោកលើកទី២មកម្ល៉េះ ហើយសាមគ្គីភាពនឹងគ្នាបានឈានដល់កម្រិតថ្មីមួយនៅក្រោមកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែង និងរារាំងការបង្កហេតុយោធាណាមួយពីសត្រូវ។ លោក គីម មិនបានបញ្ជាក់លម្អិតថាតើសត្រូវមួយណានោះទេ ប៉ុន្តែជារឿយៗពាក្យថាសត្រូវនេះគឺសំដៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក៕ ដោយ ធីរីណា
រូបថត :REUTERS/KCNA