ខេត្តព្រៃវែង÷ ភ្នំឈើឈើកាច់ជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់តត្រកាលមួយមិនអាចបំភ្លេចបាន ។ បើលោកអ្នកឈានជើងជាន់ទឹកដីខេត្តព្រៃវែងនោះនឹងសួរថាតើភ្នំឈើកាច់ស្ថិតនៅត្រង់ណា។ ការពិតភ្នំឈើកាច់ជារមណីយដ្ឋានធម្មជាតិដែលបង្កប់ដោយប្រវត្តិសាស្ត្រកំណើតកម្ពុជាមួយ។ វាជាកន្លែងដែលមានជាប់ពាក់ព័ន្ធទីកំណើតប្រទេសកម្ពុជាដំបូង ។ដើម្បីចង់រក្សាឈ្មោះប្រវត្តិសាស្ត្រកុំឲ្យសាបសូន្យនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួម នឹងមន្ទីរវប្បធម៌ស្រុកខេត្ត ពេលសង្កេតឃើញថា ភ្នំឈើកាច់ ស្ស្ថិតនៅស្រុកបាភ្នំ មានភ្នំ និងមានដើមឈើត្រឈឹងត្រឈៃគួរជាទីចាប់អារម្មណ៍របស់ភ្ញៀវជាតិ និងអន្តរជាតិ ក៏សម្រេចបង្កើតតំបន់ភ្នំឈើកាច់ ជារមណីយដ្ឋានមួយ ដោយដាក់ឈ្មោះថា «នគរភ្នំ»។
រមណីយដ្ឋាននគរភ្នំ ស្ថិតនៅក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមាន ចម្ងាយប្រមាណជា៧៨គីឡូម៉ែត្រ ខាងកើតរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណ៤៥គីឡូម៉ែត្រខាង ត្បូង ខេត្តព្រៃវែង។ បាភ្នំគឺជាកន្លែងមួយជាទីរមនា ព្រោះមានទេសភាពស្រស់ត្រកាល ជាមួយនឹងខ្យល់ត្រជាក់បក់មកល្ហៀកៗ បរបោសអង្អែលអស់កាយភ្ញៀវទេសចរ ដែលបានទៅកម្សាន្តនៅទីនោះឱ្យលង់លក់ដោយមិនដឹងខ្លួន។
លោកអាចារ្យ ប៊ុត ប៊ុនជា ដែលជាប្រធាន គណៈកម្មការប្រចាំនៅតំបន់រមណីយដ្ឋាន នគរភ្នំ បានឲ្យដឹងស្របគ្នានឹងឯកសារប្រវត្តិសាស្ត្រថា រមណីយដ្ឋានបាភ្នំ នេះ ជាប់ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្រ្តខ្មែរសម័យនគរភ្នំ។ លោកតា ប៊ុនជា បន្តថា នៅទឹកដីបាភ្នំឬភ្នំឈើកាច់នេះ គឺជាអតីតរាជធានីខ្មែរដំបូងគេបង្អស់ មានឈ្មោះថា«នគរភ្នំ ឬនគរហ៊្វូណន »ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទ ហ៊ុន ទៀន នៅក្នុងសតវត្សរ៍ទី១។
យោងតាមឯកសារប្រវត្តិសាស្ត្របានឲ្យដឹងថា នៅសម័យហ៊្វូណនមានកំពង់ផែដ៏ធំមួយមានឈ្មោះថា អូរកែវ ដែលបច្ចុប្បន្នស្ថិតនៅវៀតណាមភាគខាងត្បូង។ ហេតុដូចនេះហើយបានជាមានមតិខ្លះចាត់ទុកថា អូរកែវ នេះជារាជធានីដើមបង្អស់របស់ហ៊្វូណន។ រីឯឯកសារខ្លះនិយាយថា រាជធានីរបស់ហ៊្វូណន គឺមានឈ្មោះថា វ័យធបុរៈ (មានន័យថា បុរីនៃអ្នកទាក់សត្វដំរី) នៅជិតភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។
រមណីយដ្ឋាននគរភ្នំនេះ ថ្វីបើភូមិសាស្រ្តនេះមិនស្ថិតនៅលើទឹកនៃខេត្តដែលគួរជាទី ទាក់ទាញភ្ញៀវទេសចរអន្តរជាតិក៏ដោយ ប៉ុន្តែប៉ុន្មានឆ្នាំចុង ក្រោយគេ សម្គាល់ឃើញថា នៅរៀងរាល់ខែមានភ្ញៀវបរទេសមកទស្សនាមិនដែលដាច់ទេ។
ជាមួយនេះវាជារាជធានីទី១នៃការកកើតនគរខ្មែរ និងជាទឹកដីកំណើតនេនទុំតួអង្គកម្សត់ក្នុងរឿងទុំទាវ ដ៏ល្បីក្នុងអក្សរសិល្ប៍ខ្មែរនោះ ទើបភ្ញៀវអន្តរជាតិគេស្វែងមកទស្សនា។ ដោយឡែកភ្ញៀវដែលមកទស្សនាច្រើនជាភ្ញៀវជាតិ ពួកគេមកទីនេះដើម្បីបួងសួងសូមសេចក្តីសុខ ព្រោះគេមានជំនឿទៅលើបារមី លោកយាយមេសរ ដែលគេហៅ អ្នកតាមេសរនោះ។
បើគេសង្កតពីចម្ងាយនៅក្នុងបរិវេណរមណីយដ្ឋាននគរភ្នំនេះ មានភ្នំចំនួន៤នៅជាប់គ្នាមាន ភ្នំល្អាង ភ្នំធំ ភ្នំបញ្ជរ និងភ្នំសំពៅ ហើយនៅភ្នំនីមួយៗសុទ្ធតែមានកន្លែងទស្សនីយភាពដ៏ទាក់ទាញធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិតែងទៅកម្សាន្តយ៉ាងជក់ចិត្តជាហូរហែ៕
ស្រាវជ្រាវតាមឯកសារដើមដោយ÷ចៅតាជេត