ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំរុង សហការណ៍ជាលោកមេឃុំសំរុង បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យសំរុង ដែលមានការចូលរួមពី នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ប្រភពដដែលបន្តថា ចំពោះការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំនេះ ជាពិសេសគឺ បញ្ហាសណ្ដាប់ធ្នាប់ ចរាចរណ៍ និងផលប៉ះពាល់នៃគ្រឿងញៀន។
ជាមួយគ្នានោះ នៅព្រឹកថ្ងៃចន្ទទី១៥ ខែសីហានេះ កម្លាំងអធិការស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ដេីម្បីបញ្ជៀសករណីគ្រោះថ្នាក់ចរាចរណ៍ណាមួយដែលអាចកើតមានឡើងជាយថាហេតុ៕
ដោយ៖សហការី