ខេត្តកំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់ រាល់ការបំផ្លាញធនធានធម្មជាតិនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងនោះមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមយុទ្ធសាស្ត្រ(ដៃម្ខាងដាំ ដៃម្ខាងបង្ក្រាប)។
លោកលើកឡើងយ៉ាងដូច្នេះក្នុង ពិធីរុក្ខទិវានៅតំបន់ព្រៃសហគមន៍វាលអូរក្តី ស្ថិតនៅក្នុងភូមិសាស្រ្តឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃ១៥ ខែសីហា ឆ្នាំ២០២២ ។ ដោយមានការអញ្ជើញចូលរួម ព្រះចៅអធិការវត្ត លោកលោកស្រី ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូ កងកលាំងទាំងបី ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង៥០០នាក់ផងដែរ។
លោក ងួន រតនៈ បានបន្តទៀតថា ខេត្តកំពង់ធំ ការគ្រប់គ្រង ក្នុងការបង្ក្រាបទប់ស្កាត់ធនធានធម្មជាតិមិនទាន់មាននិរន្តន៍ភាព១០០%នៅឡើយទេ ហេតុដូចនេះហើយ ទើបរាជរដ្ឋាភិបាលបានបង្កើតសហគមន៍ឡើងដើម្បីចង់ឲ្យបងប្អូនប្រជាពលរដ្ឋ មានសិទ្ធិអាទិភាពក្នុងការចូលរួមថែរក្សាការពារព្រៃឈើទាំងអស់គ្នា។ ក្នុងនោះដែរត្រូវរួមគ្នាដាំដើមឈើឡើងវិញ ដោយការដាំនេះមិនមែនតែ១ឆ្នាំម្ដងនោះទេ គឺចូលរួមដាំជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះលោកងួន រតនៈ អំពាវនាវដល់នគរបាលយុត្តិធម៌ស្នូល បន្តសហការជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាពស្រុក/ឃុំ ត្រូវបន្តពង្រឹងអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់ ក្នុងការបង្ការនិងទប់ស្កាត់ រាល់បទល្មើសបំផ្លាញព្រៃឈើ និងទន្ទ្រានដីព្រៃជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ម្យ៉ាងវិញទៀតត្រូវផ្ដល់ការអប់រំរាល់វេទិកាទាំងតូចទាំងធំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំឥស្សរជនរបស់រាជរដ្ឋាភិបាល តែងតែក្រើនរំលឹកដល់មន្ត្រីដែលពាក់ព័ន្ធ ក្នុងការបង្ក្រាបនេះជាហូរហែ។ ដូចជាការកាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូនផលអនុផលព្រៃឈើ និងឈើសន្និធិច្បាប់ត្រូវមានវិធានការផ្លូវច្បាប់ ជាពិសេសទៅលើការទន្ទ្រានដីរបស់រដ្ឋគ្រប់រូបភាព។ ចំណែកទីតាំងដែលមានជនល្មើសបានលួចកាប់បំផ្លាញព្រៃក្នុងតំបន់ហាមឃាត់ ត្រូវចុះពិនិត្យជាក់ស្ដែងបង្ក្រាប ហើយដកហូតជាសម្បត្តិរដ្ឋវិញជាធរមាន។
ប្រសាសន៍ចុងក្រោយរបស់លោកសូមឱ្យប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលមានខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំជាសេនាធិការ សហការជាមួយរដ្ឋបាលខេត្ត អង្គការជាតិ-អន្តរជាតិ ជាពិសេសអាជ្ញាធរស្រុកសន្ទុក បានរៀបចំពិធីអបអរសាទររុក្ខទិវាឆ្នាំ ២០២២ នៅភូមិសាស្ត្រតំបន់សហគមន៍ព្រៃឈើវាលអូរក្តី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយដាំកូនឈើមាន៥ ប្រភេទ (ធ្នង់ , គ្រញូង, បេង, គគីរ ,ឈើទាល) សរុបចំនួន ២៥០០ដើម ក្នុងទំហំដី ២ហិចតាផងដែរ៕
ដោយ៖ មុន្នី