ភ្នំពេញ៖ ឆ្លងកាត់ការជជែកពិភាក្សារយៈពេល១ព្រឹកនេះក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមាមិនទាន់សម្រេចយ៉ាង ណានៅឡើយទេ។ នៅមានកាជជែកពិភាក្សាច្រើនលើកច្រើនសារទៀតទើបអាចសម្រេចជាចុងក្រោយ។ គេរំពឹងថាកិច្ចពិភាក្សាចុងក្រោយនៅអំឡុងខែកញ្ញាទើបអាចសម្រេចបានលទ្ធផលច្បាស់លាស់។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កិច្ចចរចារប្រាក់ឈ្នួលអប្បបរមានេះនឹងប្រកាសជាផ្លូវការយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៣ ខែកញ្ញាខាងមុខ ពោល គឺបញ្ចប់ឲ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្រោយបញ្ចប់កិច្ចប្រជុំនៅព្រឹកថ្ងៃទី១៥ ខែសីហានេះ បានបង្ហាញថា ជាលទ្ធផលដែលសម្រេចបានក្នុងពេលនេះ គឺបានស្តាប់គោល ជំហរពីតំណាង ភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច ប៉ុន្តែ ភាគីតំណាងនិយោជិត និងភាគីសហជីព មិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយទេ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនម្តងទៀតសិន។
តាមរយះក្រសួងការងារ បានឲ្យដឹងទៀតថា សម្រាប់កិច្ចប្រជុំ ចរចារប្រាក់ឈ្នួលអប្បបរមានាពេលខាងមុខតទៀត ក្រសួងនឹង រៀបចំបន្ទាប់នៅថ្ងៃទី២៤ និង៣១ ខែសីហា, បន្ទាប់ទៀត គឺថ្ងៃទី៧ ទី១៤ ទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានបង្ហាញ សុទិដ្ឋិនិយមថា ការតម្លើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ នឹងសមរម្យជាងឆ្នាំកន្លងទៅ ដោយសារយើងឃើញថា កំណើននៃការនាំចេញគឺច្រើន ហើយចំនួនរោងចក្រក៏កើនឡើងដែរ បើធៀបនឹងឆ្នាំ២០២០ ដល់ឆ្នាំ ២០២២នេះ គឺរោងចក្របានកើនឡើងរហូតដល់ ៨៩រោងចក្រ ដែលនេះជាអ្វីដែលយើងសង្ឃឹមច្រើន។
នៅក្នុងកិច្ចប្រជុំលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ហើយគ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ ដូចដែលបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។
គិតត្រឹមឆ្នាំ២០២២នេះ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១៩៤ដុល្លារអាមេរិក ក្នុង១ខែៗ៕