ភ្នំពេញ : បើយោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, ព្រះរាជាណាចក្រកម្ពុជាទទួលរង ឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ , ឡាវ , វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះធ្វើឲ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។
នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរក្នុងនោះក៏មាន ច្រើនដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បរិមាណទឹក ភ្លៀងដែលនឹងអាចធ្លាក់បន្តបន្ទាប់នេះ នឹងអាចធ្វើឲ្យ ភូមិសាស្ត្រមួយចំនួននៃខេត្តកំពង់ធំ ប្រឈមនឹងជំនន់ទឹកភ្លៀងសារជាថ្មី។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖
សីតុណ្ហភាពអប្បបរមាមានពី២២-២៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។
នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី តិចទៅទៅបង្គួរ និងច្រើនដោយអន្លើលាយឡំទៅដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។ បរិមាណទឹកភ្លៀងដែលធ្លាក់ជាបន្តបន្ទាប់នោះ នឹងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រ មួយចំនួននៃបណ្តាខេត្តមានជាអាទិ៍ ៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C។
នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ : សុខ ខេមរា