រដ្ឋមន្ត្រីក្រសួងទេសចរណ៍​៖​ ក្នុងឆ្នាំ២០២២នេះ ខេត្តសៀមរាប​ នឹងទទួលបានភ្ញៀវសរុបជាង២លាននាក់

ចែករំលែក៖

ភ្នំពេញ៖ បើ​យោង​តាម​ការបញ្ជាក់​ពី​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បានថ្លែងនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះថា៖​ តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាប​ នឹងឡើងដល់ចំនួន២,២៧៨,៨៥៤នាក់ ខណៈក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់រួចទៅហើយ។

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា​៖​ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន២,២៧៨,៨៥៤នាក់​ តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ។ ចំនួនជាង២លាននាក់ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា៣២៦.៧៥% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន៥៣៤,០០៥នាក់។

លោករដ្ឋមន្ត្រីបានបន្តថា នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរជាតិនឹងឡើងដល់ចំនួន២,០៣៩,០០០នាក់ កើនឡើង២៩១.២៦% ហើយភ្ញៀវទេសចរអន្តរជាតិក៏នឹងឡើងដល់ចំនួន២៣៩,៨៥៤នាក់ កើនឡើង១៧៦៣.២៣%។

លោក ថោង ខុន បានបញ្ជាក់ទៀតថា ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងទេសចរណ៍បានកំពុងពិភាក្សាជាក្រសួង/ប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើត «កញ្ចប់ទស្សនកិច្ចពិសេស» ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាខេត្តសៀមរាបច្រើនដង។

នៅក្នុងខេត្តសៀមរាបបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្ម និងសេវាកម្មកំពុងបើកដំណើរការអាជីវកម្មសរុបចំនួន៥៤៨កន្លែង ស្មើនឹង៤៦%នៃអាជីវកម្មទេសចរណ៏សរុបក្នុងខេត្តមានចំនួន១១៨៧កន្លែង។ នេះបើតាមការបន្ថែមរបស់ឯកឧត្ដម ថោង ខុន។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ក៏បានយកចិត្តទុកដាក់ចំពោះធនធានមនុស្សដែលបម្រើឱ្យវិស័យទេសចរណ៍ផងដែរ ដោយលោកបានចាត់ក្រុមការងារក្រសួងទេសចរណ៍ឱ្យចុះពិនិត្យជំហានទី២ ដើម្បីវាយតម្លៃពីគុណភាព សេវាកម្ម និងបដិសណ្ឋារកិច្ច ក៏ដូចជាផ្ដល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបបន្ថែមទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print