ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នង ស្ថិតក្នុងអនុវិទ្យាល័យ សោហឺ ក្រុងបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលពិធីនេះប្រារព្ធធ្វើឡើងស្ថិតក្នុងបរិវេណអនុវិទ្យាល័យ សោហឺ ក្រុងបាត់ដំបង ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងមន្រ្ដីរាជការមកពីមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត និងយុវជន ស.ស.យ.កផងដែរ ។
អគារសិក្សាថ្មីមួយខ្នងនេះ មានកម្ពស់៤ជាន់ ស្មើនឹង២០បន្ទប់ ក្នុងនោះបន្ទប់ទីចាត់ការចំនួន០២បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកស្រី ញ៉ែម សាខន ស ខេង ដោយសារអគារចាស់មានសភាពទ្រុឌទ្រោមផង និងតបតាមស្ថានភាពនៃកំណើនសិស្សកាន់តែច្រើនដែលតម្រូវឱ្យមានការសាងសង់អគារមួយថ្មីដើម្បីបំពេញតម្រូវការជូនផងដែរ ៕
ដោយ៖សហការី