ភ្នំពេញ៖ ត្រៀមរួចហើយទាំងស្បៀង,ការដឹកជញ្ជូន, គ្រូពេទ្យសង្គ្រោះបឋមក៏ដូចជាគ្រាប់ពូជ…ដែលគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងពីការត្រៀមខ្លួនរួចរាល់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់។ យ៉ាងណាក៏ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋប្រុងប្រយត្នខ្ពស់។
ការត្រៀមខ្លួនរួចរាល់ដែលបានលើកឡើងនេះ រួមមានទាំងកងកម្លាំងជួយសង្គ្រោះបឋមទាន់ហេតុការណ៍, មធ្យោបាយដឹកជញ្ជូន គ្រូពេទ្យ ស្បៀងក៏ដូចជាគ្រាប់ពូជផងដែរ។ នេះជាការលើកឡើងរបស់លោក សុទ្ធ គឹមកុលមុនី ទីប្រឹក្សាគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាផ្នែកសំខាន់ក្នុងការជួយសង្រ្គោះបន្ទាន់ ខណៈនេះគឺត្រៀមរួចជាស្រេច ជួយសង្រ្គោះប្រជាពលរដ្ឋក្នុងគ្រោះទឹក ជំនន់។ បច្ចុប្បន្នទោះ បណ្ដាខេត្តរងការជន់លិច អាចមានលទ្ធភាពដោះស្រាយដោយខ្លួនឯងប្រាកដមែន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមរួចរាល់ក្នុងការចុះអន្តរាគមន៍ភ្លាមៗ ដោយមានកងកម្លាំងជំនាញ ១៦កង ស្មើនឹងជិត ២០០០នាក់ សុទ្ធតែទទួលបានការហ្វឹកហាត់ និងបំពាក់សម្ភាររួចរាល់។
ក្រៅពីកងកម្លាំងជំនាញទាំង ១៦កង ក៏មានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយ តាមក្រសួងស្ថាប័ន ដែលត្រៀមរួចរាល់ ទាំងមធ្យោបាយដឹកជញ្ជូន ទាំងក្រុមគ្រូពេទ្យសង្គោះព្យាបាល និងស្បៀងគ្រាប់ពូជជួយដល់ពលរដ្ឋរងគ្រោះផងដែរ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានសាងសង់ទីទួលសុវត្ថិភាព រួចរាល់នៅតាមបណ្ដាខេត្តមួយចំនួន។ ទីទួលសុវត្ថិភាពនេះ គឺមាន ៩ ជាលក្ខណៈស្តង់ដារ ស្ថិតក្នុង កំពង់ធំ,កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ លើសពីនេះ ក៏មានទីទួលសុវត្ថិភាពផ្សេងទៀត ជាការជួយសាងសង់ដោយ អង្គការដៃគូ។
ចំពោះការជន់លិចក្នុងពេលបច្ចុប្បន្ននេះ គឺអាជ្ញាធរខេត្តនីមួយៗ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងសង្រ្គោះក្នុងភូមិសាស្រ្តដែនដីរបស់ខ្លួន។ ជាក់ស្ដែងពុំទាន់មានការស្នើសុំបញ្ជូនក្រុមការងារជួយសង្រ្គោះពិសេស របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះទៅអន្តរគមន៍នោះទេ។
យោងតាម ក្រសួងធនធានទឹកនិងឧតុនិយមបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែសីហា គឺមានភ្លៀងបន្តធ្លាក់ ដែលអាចបង្កឱ្យបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប មានជំនន់ទឹកភ្លៀង ដូចជាខេត្ត ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ឧត្តរមានជ័យ។ ចំពោះតំបន់ទំនាបកណ្ដាល ដែលអាចមានការប្រឈមជំនន់ទឹកភ្លៀង គឺខេត្តកំពង់ធំ៕
ដោយ៖ សូរិយា