ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃពុធទី១៧ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បេីកប្រតិបត្តិការចុះបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនជនជាតិចិន៥នាក់ និងរឹបអូសគ្រឿងញៀនជិត ៩០០គីឡូក្រាម។
របាយការណ៍ដដែលបន្តថា អនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី, លោក ឧត្តមសេនីយ៍ត្រី គឹម តូ, លោក វរសេនីយ៍ឯក មាស ហត, លោក វរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) បានធ្វើការស៊ើបអង្កេតជាង៣ខែ ដោយមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លុះនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២និង២០នាទី ដោយកម្លាំងជំនាញយើងកំណត់ច្បាស់នៅពេលវេលាមុខសញ្ញាធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ទើបកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ដោយបានស្នើសុំអន្តរាគមន៍ពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនាយកដ្ឋាននគរបាលព្រំដែនទឹក(កោះព្រាប) ចូលរួមសហការបង្ក្រាប ដោយមានការសម្របសម្រួលលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បង្ក្រាបនៅ ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖
គោលដៅទី១-នៅចំណុច ក្រុម១១ភូមិ៣ សង្កាត១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ អូបរ១គ្រឿង ទូកយន្ត១គ្រឿង និងសារធាតុញៀន(កេតាមីន)៤៤ការ៉ុង។
គោលដៅទី២-នៅចំណុច ក្រុម២ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់និងម៉ូតូ ២គ្រឿង ។
គោលដៅទី៣-នៅចំណុចភូមិគគី សង្កាត់បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងរថយន្ត១គ្រឿង។
លទ្ធផលសរុប សមត្ថកិច្ចបានឃាត់បានជនសង្ស័យ០៥នាក់៖ ១-ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិចិន ។ ២-ឈ្មោះ GAO ZHI BIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិ ចិន ។ ៣-ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន។ ៤-ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។ ៥-ឈ្មោះ JAN XI TONG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ ចិន ។
វត្ថុតាងសារធាតុញៀនចាប់យកបាន ៖ -សារធាតុញៀនប្រភេទកេតាមីន(KETAMINE)ទម្ងន់ ៨៧១គីឡូក្រាម និង២០០ក្រាម ។ -អូបរ ១គ្រឿង -ទូកយន្ត ១គ្រឿង -រថយន្ត ១គ្រឿង -ម៉ូតូ ២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន បញ្ជូនទៅប្រគល់ជូនស្នងការដ្ឋាននគរបាលព្រះសីហនុ កសាងសំណុំរឿងបន្តតាមនីតិវិធី ៕ដោយ៖ស តារា