រថយន្តព្រូសបើកបំពានភ្លើងស្តុបទៅបុករថយន្តធុនដ្រាពីចំហៀងពេញទំហឹង បណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិចិន២នាក់រួមដំណើរជាមួយគ្នាបើករថយន្តមួយគ្រឿងម៉ាក Toyota Prius យ៉ាងលឿននិងបំពានភ្លើងស្តុបពណ៌ក្រហម ជ្រុលទៅបុករថយន្ត Toyota Tundra ដែលកំពុងបើកឆ្លងផ្លូវចំពីចំហៀងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​១១ៈ៣៥នាទីយប់​ ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០២២ នៅតាម​បណ្ដោយ​មហាវិថីព្រះនរោត្តម​ កែងផ្លូវលេខ២៩​៤​ ក្នុងសង្កាត់​បឹងកេងកង​ទី១​ ខណ្ឌ​បឹងកេងកង​។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក Toyota Tundra ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BI-5386 បើកបរដោយបុរសម្នាក់និងមានមនុស្សប្រុសស្រី៣នាក់ទៀតរួមដំណើរជាមួយ បានបើកតាមបណ្ដោយមហាវិថីព្រះនរោត្ដមក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចភ្លើងស្តុបត្រង់កន្លែងកើតហេតុ ភ្លើងលោតសញ្ញាពណ៌ខៀវទើបតៃកុងបន្តបើកទៅមុខទៀត។ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BJ-1519 បើកបរដោយបុរសជាជនជាតិចិនធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៩៤ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿនក៏បុករថយន្ត Tundra ចំពីចំហៀងពេញទំហឹង បណ្ដាលឱ្យរថយន្តម៉ាក Prius ខូចខាតផ្នែកខាងមុខ ឯរថយន្តម៉ាកTundra ខូចខាតចំហៀងខាងឆ្វេងយ៉ាងខ្លាំងដូចគ្នា ។ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយកម្លាំងជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print