ខេត្តស្ទឹងត្រែង៖ យុវជនជេីងខ្លាំងចំនួន ២នាក់ ដែលជាក្មេងទំនើងជំនាញខាងវាយកម្ទេចម៉ូតូ របស់ប្រជាពលរដ្ឋរួចដុតបំផ្លាញថែមទៀត ទៅសាលាដំបូងខេត្តស្ទឹងត្រែង ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី១៦ ខែសីហាថ្មីៗនេះ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានធ្វើការស្រាវជ្រាវបង្រ្កាបករណីក្មេងទំនើង ធ្វើឲ្យខូចខាតដោយចេតនា ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ១-ឈ្មោះ ប៉ែវ វាចា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង, និង២-ឈ្មោះ ប៉េ វិន័យ ភេទ ប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
ប្រភពដដែលបន្តថា ក្រុមក្មេងទំនើងខាងលេីនេះ បានធ្វើសកម្មភាព វាយកម្ទេច ម៉ូតូ ចំនួន ០១គ្រឿង និងដុតម៉ូតូ ចំនួន ០៣គ្រឿង របស់ជនរងគ្រោះ កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកបក្សពួកជនបង្កដែលរត់គេចខ្លួន និងនៅព្រឹកថ្ងៃទី១៨ ខែសីហានេះ បានកសាងសំណុំរឿងបញ្ចូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សហការី