ខ្សែការពារ Tanguy Nianzou របស់ក្លិប Bayern Munich បានចូលរួមជាមួយក្រុម Sevilla នៃក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងតាមក្លិបទាំងពីរបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ សីហា។
ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្លាស់ប្តូរនេះមិនត្រូវបានបង្ហាញទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Sevilla បានយល់ព្រមបង់ប្រាក់១៦លានអឺរ៉ូ (១៦.២៧លានដុល្លារអាមេរិក) សម្រាប់កីឡាករសញ្ជាតិបារាំងវ័យ២០ឆ្នាំរូបនេះ។
ការផ្ទេរនេះរួមបញ្ចូលទាំងជម្រើសមួយសម្រាប់ក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់ក្នុងការនាំយក Nianzou ត្រឡប់ទៅទីក្រុង Munich វិញផងដែរ។
លោក Hasan Salihamidzic ប្រធានផ្នែកកីឡារបស់ក្លិប Bayern Munich បានប្រាប់គេហទំព័ររបស់ក្លិបថា “យើងបានចុះហត្ថលេខាលើកីឡាករ Tanguy Nianzou កាលពីពីរឆ្នាំមុន ដោយសារយើងជឿជាក់លើសក្តានុពលដ៏អស្ចារ្យរបស់គាត់។ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នយើងមានខ្សែការពារដ៏ល្អ និងអាចបត់បែនបាន។ វាគឺជាបំណងប្រាថ្នារបស់អ្នកលេងដែលចង់បានពេលវេលាលេបន្ថែមទៀត”។
លោកបន្តថា “យើងចង់ផ្តល់ឱ្យគាត់នូវឱកាសដើម្បីទទួលបានពេលវេលាលេងបន្ថែមទៀតនៅក្នុងដំណាក់កាលនៃអាជីពរបស់គាត់ហើយនោះជាមូលហេតុដែលយើងបានយល់ព្រមលើការផ្ទេរជាមួយ Sevilla ដែលកំពុងទទួលបានកីឡាករវ័យក្មេងដ៏អស្ចារ្យ និងមានទេពកោសល្យ“។
អាជីពអាជីពរបស់ Nianzou បានចាប់ផ្តើមនៅក្លិបកំណើតរបស់គាត់ Paris St Germain ក្នុងឆ្នាំ២០១៩ នៅពេលដែលគាត់បានលេងក្នុងជ័យជម្នះ ៣–១ លើក្រុម Montpellier ដែលពេលនោះគាត់មានអាយុទើបតែ១៧ឆ្នាំ។
គាត់បានចូលរួមជាមួយ Bayern Munich ក្នុងខែមិថុនា ឆ្នាំ២០២០ ដោយបង្ហាញខ្លួនបាន២៨ដងក្នុងការប្រកួតទាំងអស់ និងស៊ុតបញ្ចូលទីបាន១គ្រាប់។ ខ្សែការពារសញ្ជាតិបារាំងរូបនេះគឺជាកីឡាករទី៤របស់ Sevilla ក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់ពី Marcao, Alex Telles និង Isco ៕ (រូបភាព ៖ Reuters/CNA)