ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យោងតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣២៨កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “Xing Gang Wood Industry (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។
២- “Zhejiang Jeni Furniture Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ,ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៤០០នាក់។
៣- “FF.LL (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨៣០នាក់៕
ដោយ៖ សិលា