អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោកស្រី Shu Jueting បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០២២ថា៖ ប្រទេសចិនជំទាស់យ៉ាងដាច់អហង្ការចំពោះការពិភាក្សាពាណិជ្ជកម្មផ្លូវការជាមួយកោះតៃវ៉ាន់។ ដោយប្រទេសចិនបានអះអាងសិទ្ធិជាយូរមកហើយថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន ទោះបីកោះនេះមានរដ្ឋាភិបាលខ្លួនឯងក៏ដោយ។
ជាក់ស្ដែង ក្រោយពីរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា៖ សហរដ្ឋអាមេរិកនឹងរៀបចំការពិភាក្សាពាណិជ្ជកម្មផ្លូវការ ជាមួយក្រុមមន្ត្រីកោះតៃវ៉ាន់នៅរដូវស្លឹកឈើជ្រុះនេះ។ សេចក្ដីប្រកាសនេះបានធ្វើឱ្យមានការគំរាម និងការថ្កោលទោសជាថ្មីមួយទៀតពីរដ្ឋាភិបាលចិនដែលបានព្រមានថា ទីក្រុងប៉េកាំងនឹងការពារអធិបតេយ្យភាពរបស់ខ្លួន។
សូមជម្រាបថា ភាពតានតឹងបានឡើងកម្ដៅក្នុងតំបន់នៅឆ្នាំនេះ ខណៈដែលក្រុមតំណាងរាស្ត្រអាមេរិកបន្តធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួន។
ប្រធានសភាទី៥២ របស់សហរដ្ឋអាមេរិកលោកស្រី Nancy Pelosi គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះនេះចាប់តាំងពីឆ្នាំ១៩៩៧ ជាមួយប្រធានសភាទី៥០ របស់សហរដ្ឋអាមេរិកគឺលោក Newt Gingrich។
គួររម្លឹកថា កោះតៃវ៉ាន់បានបែកចេញពីប្រទេសចិនបន្ទាប់ពីកងកម្លាំងគាំទ្រប្រជាធិបតេយ្យចាញ់សង្គ្រាមស៊ីវិលជាមួយបក្សកុម្មុយនិស្តចិនឆ្នាំ១៩៤៩ ហើយកោះមួយនេះបានដឹកនាំស្វ័យគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យចាប់តាំងពីពេលនោះមក ប៉ុន្តែនៅតែមានទំនាក់ទំនងពាណិជ្ជកម្មទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកជាមួយចិនដីគោក៕ដោយ៖សហការី