កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅតំបន់កាស្មៀរ ក្រោមការគ្រប់គ្រងរបស់ឥណ្ឌា ជាប់ព្រំដែនជាមួយប៉ាគីស្ថាន មានហេតុការណ៍រញ្ជួយដីមួយបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទី រំលងអធាត្រ ដែលមានកម្រិត៥.៣រ៉ិចទ័រ ។
ហេតុការណ៍រញ្ជួយដីនេះបានធ្វើឲ្យកម្រើកញាប់ញ័រដល់ភូមិឋានពលរដ្ឋផងដែរ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ឬខូចខាតទ្រព្យសម្បត្តិអ្វីណាស់ណាទេ ។ នេះបើតាមប្រភពមន្ត្រីនាយកដ្ឋានគ្របគ្រងឧតុនិយមឥណ្ឌា ។
តាមការលើកឡើងរបស់អ្នកជំនាញបញ្ជាក់ថា ឥណ្ឌា និងប៉ាគីស្ថាន ជាពិសេសតំបន់កាស្មៀរនោះតែម្តង តែងតែកើតមានគ្រោះធម្មជាតិជានិច្ច បើមិនគ្រោះទឹកជំនន់បណ្តាលឲ្យបាក់ដីទេ គឺគ្រោះរញ្ជួយដីសម្លាប់មនុស្សជាហូរហែនាពេលកន្លងមក ។ តំបន់កាស្មៀរកំពុងស្ថិតក្នុងការប្រទាញប្រទង់គ្នា ក៏ដូចជាមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុតរវាងកងទ័ពឥណ្ឌា និងប៉ាគីស្ថាន ដោយសារថា ដែនដីនៅទីនោះមិនទាន់បែងចែកគ្នាដាច់ស្រឡះ ។ ជានិច្ចកាលកម្លាំងទាហានប្រទេសទាំងពីរតែងតែផ្ទុះអាវុធ ដែលពេលខ្លះមានទាំងប្រើអាវុធធុនធ្ងន់ផងផ្លោងដាក់គ្នាទៅវិញទៅមក ឆ្លងកាត់ព្រំដែនបណ្តាលឲ្យពលរដ្ឋ និងកម្លាំងទាហានស្លាប់រៀងៗខ្លួន ។
កាលពីពេលថ្មីៗកន្លងមកនេះ សេចក្តីរាយការណ៍បានបញ្ជាក់ថា មេដឹកនាំឥណ្ឌា នាយករដ្ឋមន្ត្រីណារ៉េនដ្រា ម៉ូឌី និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកណាវ៉ាស សារីហ្វ បានបង្ហាញពីចេតនាសន្តិភាពរកគ្នាក្នុងនាមជាប្រទេសជិតខាង។ មេដឹកនាំទាំងពីរបានប្តេជ្ញាបង្កើតឲ្យមានការយោគយល់គ្នា ការចរចាគ្នា ឫការទស្សនកិច្ចទៅវិញទៅមករវាងនាយទាហានប្រទេសទាំងពីរដែលឈរជើងនៅតំបន់ជួរមុខ ដែលការធ្វើបែបនេះដើម្បីបញ្ចៀសការយល់ច្រឡំ និងការផ្ទុះអាវុធដាក់គ្នា ។ ប៉ុន្តែទោះបីយ៉ាងណា មានមតិលើកឡើងថា សន្តិភាពដែលមេដឹកនាំទាំងពីរប្រាថ្នាកើតមានឡើងនៅតំបន់មានជម្លោះកាស្មៀរនោះមិនងាយនឹងកើតឡើងឆាប់ៗឡើយ ៕