ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ រួចបានបញ្ជូនទៅកាន់សាលាដំដូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈការបង្ហោះ Facebook ដោយផ្ដល់សេវាកម្មទទួលស៊ីឈ្នួលសម្លាប់មនុស្ស។
ជនសង្ស័យមានឈ្មោះ វុធ សុម៉ាណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ។ ការឃាត់ខ្លួនជននេះបានធ្វើឡើងបន្ទាប់ពីរូបគេបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ ម៉ាណា ប្រទេពស៊ីន បានដាក់ Intro ថា «មានទទួលកុម្មង់សម្លាប់មនុស្ស the wing of a devil» និងបានបង្ហោះខ្លឹមសារថា «បាញ់លេងសោះងាប់មែនទែន» និងបង្ហោះលក់ប៊ិកកាំភ្លើង។
ក្នុងប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះវុធ សុម៉ាណានេះ ។ បច្ចុប្បន្នជនជាប់ចោទត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន៕
ដោយ រ៉ារ៉ា