ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ ២០២២នេះ បានធ្វើការបង្ហាញមុខយុវជន ចំនួន១២នាក់ រួមជាមួយម៉ូតូ ដែលលេងបំពង់ស៉ីមុំាងម៉ូតូខុសលក្ខណៈបច្ចេកទេស ជាសាធារណៈ ដែលបានឃាត់ជាបន្តបន្ទាប់រយះពេល៦ថ្ងៃ ដើម្បីឲ្យដោះដូរបំពង់ស៉ីមុំាងត្រឹមត្រូវទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ។
នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា ក្រុមយុវជនបានកែឆ្នៃបំពង់ស៉ីមុំាងសម្លេងប្រែនៗ ខុសពីស្ដង់ដារបច្ចេកទេសដេីម មកបង្ហោះពេញផ្លូវក្នុងតំបន់បឹងកក់ និងតាមបណ្ដាផ្លូវផ្សេងៗក្នុងមូលដ្ឋានខណ្ឌដូនពេញ បង្កភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់ ភាពអសន្តិសុខ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិជាដើម។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានបន្តថា នេះមិនមែនជាលើកទី១នោះទេ ដែលកម្លាំងនគរបាលបានធ្វើការឃាត់និងធ្វើការបង្ហាញក្រុមយុវជន ដែលលេងម៉ូតូកែឆ្នៃបំពង់ស៉ីមុំាងខុសលក្ខណៈបច្ចេកទេស។ ហើយបន្ថែមទៀតនោះ លោកអធិការបានលើកឡើងថា ក្នុងនាមលោកជាដឹកនាំកម្លាំងនគរបាលខណ្ឌដូនពេញមួយរូប សូមអរគុណ នូវការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ព័ត៌មាន ដែលបងប្អូនផ្ដល់ឲ្យ ដើម្បីរក្សារសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ។
ក្រោយកម្លាំងនគរបាលបានឃាត់រួចនាំខ្លួនរួមទាំងម៉ូតូយកមកកាន់អធិការនគបាលខណ្ឌដូនពេញដើម្បីរក្សាទុក និងធ្វើការអប់រំ ណែនាំឲ្យផ្លាស់ប្ដូរនៅបំពង់ស៉ីមុំាងសំណុំដើមឡើងវិញ ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញនេះការអនុវត្តវិធានលើកទី១ ក្នុងករណីយុវជន ដដែលមិនរាងចាល នោះលើកទី២ ធ្វើការពិន័យនិងអញ្ជើញអាណាព្យាបាលមកធានាទើបអនុញ្ញាតឲ្យត្រឡប់ឲ្យទៅវិញ៕ដោយ៖សហការី