ក្រុមប្រឆាំងដាក់គំនាបទៅលើនាយករដ្ឋមន្ត្រីថៃឱ្យលាលែងចេញពីតំណែង

ចែករំលែក៖

សភាពការណ៍នយោបាយថៃកំពុងតែតានតឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលតុលាការរដ្ឋធម្មនុញ្ញ មានគម្រោងនឹងចេញសេចក្តីសម្រេចថាតើនឹងទទួលសំណើចេញសាលក្រមបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ ចាន់អូចា ឬក៏យ៉ាងណា។

ក្រុមប្រឆាំងបានបង្កើនការដាក់គំនាបទៅលើលោកប្រាយុទ្ធ ចាន់អូចា ឱ្យលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ។ ក្រុមប្រឆាំងបានដាក់សំណើទៅកាន់ប្រធានរដ្ឋសភាថៃ លោក Chuan Leekpai ហើយលិខិតនោះត្រូវបានបញ្ជូនទៅកាន់តុលាការធម្មនុញ្ញនៅថ្ងៃទី២២ខែសីហានេះ។
សារព័ត៌មានថៃ The Nation នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា សមាជិកជាច្រើននាក់មកពីគណបក្សសហភាពប្រជាជន (People’s Union Party) នៅក្នុងប្រទេសថៃ បានប្រមូលផ្ដុំគ្នានៅឯទីលានមួយក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។
បាតុកម្មតវ៉ាទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែងនេះ គឺដឹកនាំដោយអតីតមេដឹកនាំក្រុមអាវក្រហម លោក ចាទុផន ព្រំផាន់ (Jatuporn Prompan) ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ក្រុមបាតុករបានទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ខណៈដែលការកាន់អំណាចរបស់លោកនឹងឈានចូលដល់រយៈពេល៨ឆ្នាំ នៅថ្ងៃពុធសប្ដាហ៍នេះហើយ និងដែលត្រូវបានចាត់ទុកថាបំពានរដ្ឋធម្មនុញ្ញដែលបានហាមនាយករដ្ឋមន្ត្រីមិនឱ្យកាន់តំណែងលើសពី ៨ឆ្នាំ។
ក្រុមបាតុករបានបញ្ចប់ការប្រមូលផ្ដុំនៅវេលាម៉ោងប្រហែល ៩យប់ថ្ងៃអាទិត្យ ដោយសន្តិវិធី ហើយប៉ូលិសថៃបានប្រកាសបិទផ្លូវទាំងអស់ឆ្ពោះទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី ស្របពេលមានការរំពឹងថា បាតកម្មតវ៉ាអាចនឹងកើតឡើងជាថ្មី ហើយតុលាការធម្មនុញ្ញថៃក៏ត្រូវបានគេរំពឹងដែរថានឹងសម្រេចចិត្តថា តើគួរតែទទួល ឬមិនទទួលយកញត្តិរបស់គណបក្សប្រឆាំងដែលទាមទារឱ្យកំណត់ឱ្យបានជាក់លាក់ ថាតើអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ចាន់អូចា នឹងបញ្ចប់នៅពេលណា៕

...

រូប​ថត​ :REUTERS​/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print