អន្តរជាតិ៖ រថភ្លើងដឹកអ្នកដំណើរដើរដោយថាមពលអគ្គិសនីល្បឿនលឿននិងរថភ្លើងត្រួតពិនិត្យ ដែលកែរួចសម្រាប់ផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា-បានឌុង (Jakarta-Bandung) ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ បានចាកចេញពីកំពង់ផែឈីងតាវ (Qingdao) ក្នុងខេត្តសានទុងភាគខាងកើតប្រទេសចិន។
យោងតាមក្រុមហ៊ុន រថភ្លើងដំបូងនឹងមកដល់ទីក្រុងហ្សាការតានៅចុងខែសីហា ហើយរថភ្លើងសេសសល់នឹងមកដល់ទាំងស្រុងនៅដើមឆ្នាំ ២០២៣។ ហើយរថភ្លើងត្រូវបានរចនាឡើង និងផលិតដោយក្រុមហ៊ុន CRRC Qingdao Sifang Co. , Ltd សម្រាប់គម្រោងការដ៏គួរឱ្យកត់សម្គាល់នេះនៅក្រោមគំនិតផ្តួចផ្តើមអំពីក្រវាត់និងផ្លូវ។
សូមជម្រាបថា ដោយផ្អែកលើបច្ចេកវិទ្យា ទំនើបរបស់រថភ្លើងលឿន Fuxing រថភ្លើងមួយនេះមានល្បឿនប្រតិបត្តិការអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានរចនាឡើង និងផលិតតាមស្តង់ដាររបស់ចិន និងសម្របតាមបរិយាកាសប្រតិបត្តិការក្នុងស្រុកនិងលក្ខខណ្ឌខ្សែរថភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីក៏ដូចជាវប្បធម៌ក្នុងស្រុក។
ដោយឡែកជាមួយនឹងប្រវែងសរុប ១៤២ គីឡូម៉ែត្រ ផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា-បានឌុង តភ្ជាប់រដ្ឋធានីហ្សាការតារដ្ឋធានីរបស់ឥណ្ឌូនេស៊ីនិងទីក្រុងបានឌុងដែលជាទីក្រុងទេសចរណ៍និងវប្បធម៌ដ៏ល្បីល្បាញនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕ដោយ៖សហការី
រូបភាព៖Xinhua