រថយន្តបែនដឹកដីបើករេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖  បុរសម្នាក់បើករថយន្តបែនដឹកដីធុនធំមួយគ្រឿងគេចពីរថយន្តមួយគ្រឿងទៀតធ្វើឱ្យរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតអស់ចំនួនបួនកង់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៥៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3A-3533 បើកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៥៥ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបើកគេចពីរថយន្តមួយគ្រឿងទៀតដែលកំពុងតែធ្វើដំណើរស្របទិសគ្នាស្រាប់តែជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតចំនួនបួនកង់។ ចំណែកឯរថយន្តបង្កបានដាច់កាឡេខាងមុខទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកដល់ទីតាំងកន្លែងកើតហេតុ និងយករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕

...

ដោយ៖និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print