ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមកើនឡើង២២,២% ក្នុងរយៈពេល៧ខែ

ចែករំលែក៖

ភ្នំពេញ៖ ការនាំចេញ-ចូលរវាងកម្ពុជា-វៀតណាមកើនឡើង៣,៤%ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២នេះ បើប្រៀបធៀបនឹងឆ្នាំមុន បើទោះជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ។ ភាគីទាំងពីរប្តេជ្ញាជម្រុញបន្ថែមទៀតដើម្បីអោយទំហំពាណិជ្ជកម្មកាន់តែកើនឡើងថែមទៀតស្របតាមកំណើនសេដ្ឋកិច្ចនិងតម្រូវការ។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានអោយដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៣,៧៦ពាន់លានដុល្លារ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ​។ ទំហំនេះ បានកើនឡើងរហូតដល់ ២២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ចាប់ពីខែមករា ដល់ខែកក្កដា នៃឆ្នាំ២០២២នេះកម្ពុជា នាំចេញទំនិញសរុប ទៅកាន់ប្រទេសវៀតណាម មានទឹកប្រាក់ សរុប ១ ៣២៦ លានដុល្លារ ពោលគឺកើន ឡើង ៣.៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុ​ជា។

កម្ពុជា នាំចូលទំនិញពីប្រទេសវៀតណាម មានទឹកប្រាក់សរុប ២ ៤៣៩ លានដុល្លារ​ មានកំណើន ៣៥ ភាគរយ​ ធៀបនឹងរយៈ៧ខែឆ្នាំមុន។

ក្នុងជំនួបជាមួយលោក ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទង​បរទេស​មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នាថ្ងៃទី ២២ សីហា នៅវិមានសន្តិភាព ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បានជំរុញឱ្យភាគីវៀតណាម ជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ឲ្យកាន់តែខ្លាំង​ថែមទៀត ជាពិសេស បន្តកែប្រែតំបន់អតីត​សង្គ្រាម​នៅតំបន់ព្រំដែន​ ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ។

ក្នុងជំនួបនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖«ទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឱ្យទំនាក់ទំនង​នយោបាយ»។

គួបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជា ​នាំចេញទៅកាន់ប្រទេសវៀតណាម ភាគច្រើនជាផលិត​ផល​កសិកម្ម ស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូជាដើម ​ខណៈនាំចូលពីវៀតណាម ដែកថែប ប្រេងឥន្ធនៈ ផលិតផលវាយនភណ្ឌជាដើម។

កាលពីឆ្នាំ២០២១កន្លងទៅ ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ​និងវៀតណាម​ សម្រេចបាន ៩ប៊ីលានដុល្លារ។ រដ្ឋាភិបាលទាំងពីរ ​បានឯកភាពគ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្មឱ្យកើនដល់ ១០ប៊ីលានដុល្លារ​ ក្នុងឆ្នាំ២០២២នេះ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print