រដ្ឋបាលខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំរកដំណោះស្រាយជំនន់ទឹកភ្លៀងរងផលប៉ះពាល់ដំណាំស្រូវពលរដ្ឋ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យនា រសៀលថ្ងៃទី​២២ ខែសីហាឆ្នាំ ២០២២ ម្សិលមិញនេះ លោក  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត  បានត្រៀមបង្ការគ្រោះទឹកជំនន់ ការងារជួយសង្គ្រោះស្រូវបងប្អូនប្រជាពលរដ្ឋ វឌ្ឍនភាព ការគ្រប់គ្រងដីតំបន់បីនៃតំបន់បឹងទន្លេសាប និងការវាស់វែងដីជូនប្រជាពលរដ្ឋអាស្រ័យផល និងការងារដោះស្រាយទំនាស់ដីធ្លីនិងការកាត់ឆ្វៀលដី។

មានប្រសាសន៍ក្នុងិច្ចប្រជុំនេះលោក អ៊ុំ រាត្រី អភិបាលខេត្ត លើកឡើងថា៖ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងខេត្តបន្ទាយមានជ័យ យើងសង្កេតឃើញមានតំបន់មួយចំនួនកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ធ្វើឲ្យដំណាំស្រូវរបស់បងប្អូនប្រជាកសិករយើងមួយចំនួន កំពុងប្រឈមនូវការលិចលង់ ដូចនេះតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទចូលរួមសហការ ជួយច្រូតកាត់ប្រមូលផលស្រូវប្រជាពលរដ្ឋដែលជាកាតព្វកិច្ច របស់យើងទាំងអស់គ្នាត្រូវធ្វើនិងជួយសង្គ្រោះ។ 

លោកអភិបាលខេត្ត បន្តថា៖ តាមស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នាពេលបច្ចុប្បន្ននេះ  នៅមិនទាន់មានភាពធ្ងន់ធ្ងរនៅឡើយ តែអ្វីសំខាន់គឺយើងដែលជាអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំងអស់គឺ ត្រូវត្រៀមបម្រុង នូវកម្លាំង សម្ភារៈ និងមធ្យោបាយ ពេលទឹកជំនន់ ដើម្បីជួយចុះច្រូតស្រូវប្រជាពលរដ្ឋពេលទឹកជំនន់លិចលង់ អាជ្ញាធរមូលដ្ឋានសហការជាមួយមន្ទីរធនធានទឹកធ្វើការបើកមុខទឹក និងមន្ទីរសុខាភិបាលខេត្តត្រៀមបង្ការបញ្ហាផ្សេងៗ ដូចជាថ្នាំបង្ការពេលប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាព មន្ទីរសុខាភិបាលនិងមន្ទីរអប់រំយុវជននិងកីឡា បន្តជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់សិស្សានុសិស្សឱ្យបានគ្រប់ដូស ព្រោះថាជំងឺឆ្លងកូវីដ១៩ នៅមិនទាន់ផុតរលត់ឆ្ងាយពីយើងនៅឡើយ។ 

ចុងក្រោយលោកអភិបាលខេត្ត អ៊ុំ រាត្រី ក៏បានសង្កត់ធ្ងន់ទៅលើមន្ទីរអង្គភាពមួយចំនួនបំពេញការងារ ស្នូលរបស់ខ្លួននៅលំៗ អែលៗ ពុំបានល្អ មានការយឺតយ៉ាវ មិនយកចិត្តទុកដាក់បើនិយាយឲ្យខ្លីទៅគឺ កន្ទេលធំសម្ងំដេក គឺដេកលក់តែម្ដង ។ 

ក្នុងកិច្ចប្រជុំនោះ លោក រ័ត្នដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានលើកឡើងថាៈបញ្ហាតម្លៃស្រូវបង្កើនរដូវរបស់ប្រជាកសិករនៅស្រុកមង្គលបូរី ពីដើមខែនៃការប្រមូលផលឃើញថាតម្លៃស្រូវបានថ្លៃគួរសម អាចទូទាត់លើថ្លៃជី ថ្លៃប្រេងភ្ជួររាស់ ដែលអាចមានតុល្យភាពនិងគ្នាទទួលយកបាន។

តែបច្ចុប្បន្ននេះតម្លៃស្រូវមានការថយចុះ ព្រោះថាការទិញលក់គឺសម្រេចទៅលើមាត់ឈ្មួញអ្នកឱ្យតម្លៃតែប៉ុណ្ណោះ ៕

       

ដោយ ៖ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print