រយៈពេល៦ខែនេះកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត២០លានដុល្លារកើនឡើងប្រមាណ៣៥ភាគរយ

ចែករំលែក៖

ភ្នំពេញ÷រយៈពេល៦ខែនៅឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត២០លានដុល្លារ កើនឡើងប្រមាណ៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនៃចំណូលនេះដោយសារតែការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបរទេសក៏មានការកើនឡើងនោះដែរ​

 ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញលោកហ៊ី បាវី បានឱ្យដឹងនៅថ្ងៃទី២៣ សីហានេះថា ការកើនឡើងប្រាក់ចំណូលនៃកំពង់ផែស្វយ័តភ្នំពេញនេះ គឺដោយសារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរទៅទីផ្សារបរទេសក៏មានការកើនឡើង ដែលបានធ្វើឱ្យកំណើននាំ ចេញផលិតផលពីកម្ពុជា តាមរយៈកំពង់ផែស្វយ័តភ្នំពេញមានការកើនឡើងប្រមាណជាង ៣៥ភាគរយ។

លោកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានបន្ថែមថា យ៉ាងណាក៏ដោយកំពង់ផែស្វយ័តភ្នំពេញ តែងប្រកាន់ភ្ជាប់នូវការយកចិត្តទុក ដាក់ក្នុងការបម្រើសេវាកម្មប្រតិបត្តិការផែ ជូនអតិថិជនប្រកបដោយតម្លាភាព និងភាពឆាប់រហ័សដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ ចំពោះតម្រូវការរបស់ អតិថិជន។

លោកហុី បាវី បន្ថែមថា កំពង់ផែស្វយ័តភ្នំពេញ នឹងខិតខំបន្តផ្តោតការយកចិត្តទុកដាក់លើ ការធ្វើទំនើបកម្មប្រតិបត្តិការឱ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនឧត្តមភាព,ប្រកួតប្រជែង ដោយស្មោះត្រង់ ជា មួយកំពង់ផែក្នុង និងក្រៅប្រទេស និងបង្ខិតសេវាកម្ម កំពង់ផែឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ចូលរួមក្នុងសកម្មភាពសង្គម និងសហគមន៍ មូលដ្ឋាន។

ចំពោះលទ្ធផលការងារអាជីវកម្ម,សេវាកម្ម អនុវត្ដន៍សម្រាប់៧ខែ ដើមឆ្នាំ២០២២ របស់កំពង់ផែស្វយ័តភ្នំពេញរួមមាន៖ ទី១-ការនាំទំនិញ-ប្រេងឥន្ធនៈមានជាង២លាន៤សែនតោន កើនឡើង៨.៧៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន ២ លាន២ សែនតោន។ ទី២-នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន២,៣៩០ជើង កើនឡើង ៧៨.៣៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន ១,៣៤០ជើង។ ទី៣-បរិមាណកុងតឺន័រ មានចំនួន ២៥ ម៉ឺនធីអ៊ីយូ កើនឡើង៣៩.៧០ភាគរយ បើប្រៀបធៀបរយៈ ពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន១៨ម៉ឺនធីអ៊ីយូ។

សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានប្រាក់ ចំណេញប្រមាណ ១២ លានដុល្លារ ហើយនៅត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័ត ភ្នំពេញ រកចំណូលបានប្រមាណ១០លានដុល្លារ មានការកើនឡើង១៧ភាគរយ បើធៀបរយៈ ពេលដូចគ្នា ឆ្នាំ២០២១៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print