ភ្នំពេញ : រកឃើញសារធាតុអាបស្គូស នៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powders)។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ការរកឃើញសារធាតុអាបស្គូស នៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powders) របស់អគ្គនាយកដា្ឋនការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ន ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងគោលបំណង ការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ពិសេសទារកនិងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តការងារចុះយកសំណាកគំរូ និងធ្វើតេស្តវិភាគលើផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powders មួយចំនួនដើម្បីវិភាគរកសារធាតុអាសបេស្តុស (Asbestos) ដែលជាសារធាតុបង្ក គ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។
យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍បានបង្ហាញឱ្យឃើញថាសំណាកគំរូផលិតផលម្សៅលាបទារក និងកុមារមួយចំនួនមានវត្តមានសារធាតុអាបេស្តុស (ដូចមានក្នុងតារាងឧបសម្ព័ន្ធ)។
ដើម្បីការពារសុខភាពអ្នកប្រើប្រាស់ ជាពិសេសទារកនិងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. សូមដាក់ចេញ នូវវិធានការបណ្ដោះអាសន្នមួយចំនួន ដូចខាងក្រោម៖
១. ក្រុមហ៊ុននាំចូលនិងចែកចាយផលិតផលម្សៅលាបទារកនិងកុមារ ដូចមានក្នុងតារាងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះត្រូវ៖
– ផ្អាកជាបណ្តោះអាសន្នការនាំចូលនិងចែកចាយរាល់ផលិតផលដែលមានក្នុងតារាងឧបសម្ព័ន្ធ មកក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមូលពីទីផ្សារនូវផលិតផលម្សៅលាបទារកនិងកុមារ និងរាយការណ៍មកអគ្គនាយកដ្ឋានក.ប.ប. អំពីបរិមាណផលិតផលដែលប្រមូល។
២. អគ្គនាយកដ្ឋាន ក.ប.ប. ទុករយៈពេល ២(ពីរ)សប្តាហ៍គិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យក្រុមហ៊ុនសហការជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការនាំយកនូវសំណាកនៃផលិតផលដែលត្រូវបានរកឃើញថាមានសារធាតុអាសបេស្តុសទៅវិភាគតបនៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាព និងការទទួលស្គាល់ជាលក្ខណៈ អន្តរជាតិ។
៣. ក្រុមហ៊ុនត្រូវបន្តកិច្ចសហការជាមួយរោងចក្រផលិត និងសមត្ថកិច្ច ក.ប.ប. ដោយឈរលើ គោលការណ៍តម្លាភាព និងគាំទ្រដោយមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាថារាល់ផលិតផលម្សៅ លាបទារកនិងកុមារ ដែលត្រូវបានចែកចាយ និងដាក់លក់នៅលើទីផ្សារ មិនត្រូវមានសារធាតុ អាបេស្តុសឡើយ។
៤. អគ្គនាយកដ្ឋាន ក.ប.ប. នឹងជូនដំណឹងអំពីព័ត៌មានលម្អិត និងវិធានការបន្ថែមទៀត នៅពេល ដែលទទួលបានលទ្ធផលវិភាគពីមន្ទីរពិសោធន៍ភាគីទី៣ ប្រកបដោយស្មារតីទទួលខុសត្រូវ និង មានតម្លាភាព។
សូមជម្រាបជូនផងដែរថា សារធាតុអាសបេស្តុសមិនត្រូវអនុញ្ញាតឱ្យមានវត្តមាននៅក្នុងផលិតផល គ្រឿងសម្អាងទេ។ វត្តមាននៃសារធាតុនេះ អាចនឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស ជាពិសេសអាច បណ្តាលឱ្យកើតជំងឺមហារីក។
ជាមួយនឹងវិធានការខាងលើ អគ្គនាយកដ្ឋាន ក.ប.ប. មានសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុននាំចូល និង ចែកចាយ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការ ដើម្បីជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ និងផលប្រយោជន៍សង្គមជាតិ ទាំងមូល ៕
ដោយ : សិលា