ខេត្តស្វាយរៀង: ក្មេងប្រុសសិស្សសាលាម្នាក់បានស្លាប់និងរបួសធ្ងន់ម្នាក់ដោយករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រ២កន្លែងផ្សេងគ្នារវាងម៉ូតូនិងរថយន្តនៅក្រុងបាវិងនិងស្រុករមាសហែក។
បើតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ នៅលើផ្លូវបេតុងស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មានម៉ូតូ០១គ្រឿង ម៉ាកវ៉េវព៌ណខ្មៅ ពាក់ស្លាកលេខស្វាយរៀង1R-9061បើកបរដោយឈ្មោះ វ៉េត សុវណ្ឌី(ហៅប្រូឆាន) អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកប៉ះ និង រថយន្ត០១គ្រឿងម៉ាកFord (RANGER)ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ-2AU-5221បើកបរដោយឈ្មោះមិន ស្គាល់អត្តសញ្ញាណ ក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុអ្នកបើកបររថយន្តឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងជាមួយក្មេងប្រុសរងគ្រោះកណ្ដាលផ្លូវ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។
សមត្ថកិច្ចបញ្ជាក់មូលហេតុដោយសារតែអ្នកបើកបរម៉ូតូពាក់ស្លាកលេខ1R-9061ស្វាយរៀងបើកបរល្ប្បឿនលឿនខ្វះការប្រុងប្រយ័ត្នទើបជួបករណីខាងលើកើតឡើងបែបនេះ។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល
ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២លើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅចំណុចថ្នល់កែងបែកជាបួននៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងមានម៉ូតូមួយគ្រឿងម៉ាក HONDA C១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១B០២២១ បើកបរដោយឈ្មោះកឹម សាម៉េត ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង ដោយធ្វើដំណើរពីជើងមកត្បូងហើយបើកឆ្លងកាត់ផ្លូវអាទិភាព ក៏បុកជាមួយរថយន្តមួយគ្រឿង ម៉ាកហុីយាន់ដាយ ចំណុះ ២តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A-៤៩៥១បើកបដោយឈ្មោះ ញ៉ សុខា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិជោ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ធ្វើដំណើរពីទិសខាងលិចទៅកើត ជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នករងរបួសត្រូវបានបងប្អូនបញ្ចូនទៅព្យាបាលនៅគ្លីនិកឯកជននៅស្រុកកំចាយមារ ខេត្តព្រៃវែង។
ចំណែកវត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងត្របែក ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖ សុថាន