អគ្គមេបញ្ជាការទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសេនានុព័ន្ធកម្លាំងស្វ័យការពារជាតិជប៉ុនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ លោកមីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកវរសេនីយ៍ឯក អុីស៊ីហារ៉ា ម៉ាសៅ សេនានុព័ន្ធកម្លាំងស្វ័យការពារជាតិជប៉ុនថ្មីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នាឱកាសនោះ លោកមីកាមិ ម៉ាសាហ៉ីរ៉ូ បានផ្តល់នូវការជឿជាក់ ចំពោះបេសកម្មការទូតរបស់លោកវរសេនីយ៍ឯក អុីស៊ីហារ៉ា ម៉ាសៅ ថានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មដូចសេនាអនុព័ន្ធមុនដែរ បើទោះបីបច្ចុប្បន្នសេនានុព័ន្ធស្វ័យការពារជាតិជប៉ុនប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសវៀតណាមក្តី។ លោកឯកអគ្គរដ្ឋទូតជប៉ុនសង្ឃឹមថា ទៅថ្ងៃអនាគតជប៉ុននឹងមានស្ថានសេនានុព័ន្ធកម្លាំងស្វ័យការពារជាតិជប៉ុនប្រចាំនៅកម្ពុជា។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលជប៉ុនចំពោះដំណើរការស្ដារ និងការកសាងកម្ពុជានាពេលកន្លងមក ដោយបានគូសបញ្ជាក់ថា ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចអភិវឌ្ឍកម្ពុជា ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីស្ថានការណ៏បច្ចុប្បន្ននៅកម្ពុជា ដែលបញ្ហាជំងឺកូវីដ១៩ មានសភាពធូរស្រាលអាចគ្រប់គ្រងបាន ហើយជោគជ័យនេះដោយកត្តាបីជាសំខាន់ គឺការដឹកនាំ ការចូលរួម និងការជួយឧបត្ថម្ភពីបណ្ដាប្រទេសជាមិត្ត ពិសេសអង្គការសុខភាពពិភពលោក។

ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការលើវិស័យយោធា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់មិត្តជប៉ុនដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ធ្វើឲ្យកងយោពលខេមរភូមិន្ទមានសមត្ថភាព និងរួមចំណែកនៅក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានស្នើសុំដល់ប្រទេសជប៉ុន បន្តជួយកសាងធនធានមនុស្សក្នុងកងយោពលខេមរភូមិន្ទបន្តទៀត រួមទាំងការជួយឧបត្ថម្ភសម្ភារៈផ្សេងៗដែលអាចជួយបាន ពិសេសសម្ភារៈជួយសង្គ្រោះគ្រោះមហន្តរាយ៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print