នៅថ្ងៃទី ២៣ ខែសីហា ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទីក្រុងកៀវ បានអំពាវនាវ ដល់ពលរដ្ឋអាមេរិក ចាកចេញពីប្រទេសអ៊ុយក្រែនឱ្យបានលឿនបំផុត ដែលអាចធ្វើទៅបាន។ សកម្មភាពខាងលើកើតឡើង ក្រោយពីមានក្តីបារម្ភស្តីពីសង្គ្រាមទ្រង់ទ្រាយធំ កើតឡើងក្នុងទិវាឯករាជ្យរបស់ប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែសីហា ។
តាមការប្រកាស របស់ឯកអគ្គរដ្ឋទូតអាមេរិក បញ្ជាក់ថា «ក្រសួងការបរទេសទទួលបានព័ត៌មានថា រុស្ស៊ីនឹងបង្កើនការវាយប្រហារទៅលើទីតាំង សំខាន់ៗ របស់អ៊ុយ
ក្រែនក្នុងពេលដ៏ខ្លីខាងមុខ»។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ពលរដ្ឋអាមេរិកចាកចេញពី អ៊ុយក្រែននៅពេលនេះ គឺនៅមានមធ្យោបាយធ្វើដំណើរចេញពីអ៊ុយក្រែនដោយសុវត្ថិភាព។
ប្រជាជនអ៊ុយក្រែននៅថ្ងៃទី ២៤ខែសីហានឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី៣១ នៅចំពោះមុខការព្រមាន ពីការបង្កើនការវាយប្រហារ ដោយមីស៊ីលពីសំណាក់កងទ័ពរុស្ស៉ី។
ពិធីបុណ្យឯករាជ្យជាតិ របស់អ៊ុយក្រែននៅ ថ្ងៃពុធ ទី ២៤ ខែសីហានេះ គឺធ្វើឡើងចំពេលដែល ការឈ្លានពានរបស់រុស្ស៉ី ក៏បានឈានចូលដល់ ខែទី ៦ដែរ បន្ទាប់ពីលោក ពូទីន បញ្ជាឱ្យកងទ័ពរបស់លោក វាយសម្រុកចូលអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកម្ភៈកន្លងទៅ។ ប៉ុន្តែដោយសារតែ ការបារម្ភថា រុស្ស៉ីអាចនឹងបង្កើនបាញ់ផ្លោងមីស៊ីល នៅថ្ងៃបុណ្យជាតិដ៏សំខាន់នេះ រដ្ឋាភិបាលលោកប្រធានាធិបតីហ្សេលេនស្គី បានហាមឃាត់ ការជួបជុំ ឬ ការប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈក្នុងរដ្ឋធានីកៀវ និងបានដាក់បម្រាមគោចរ ក្នុងតំបន់មួយចំនួន នៃទីក្រុងខាកៀវ ខណៈដែលមន្ត្រីរដ្ឋាភិបាលជាច្រើនត្រូវបានបង្គាប់ឱ្យធ្វើការពីផ្ទះ។
លោក ហ្សេលេនស្គី មិនបានបញ្ជាក់លម្អិតថា តើរដ្ឋាភិបាលរបស់លោក នឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិដោយ របៀបណានោះទេ ដោយសារតែហេតុផលសន្តិសុខ ប៉ុន្តែរូបលោកផ្ទាល់ក៏បានព្រមានដែរថានឹងធ្វើការសងសឹកយ៉ាងចាស់ដៃ បើរុស្ស៉ីបង្កើនការវាយប្រហារលើអ៊ុយក្រែន។ អ៊ុយក្រែនបានទទួលឯករាជ្យ ពីអតីតសហភាពសូវៀត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩១ ហើយបច្ចុប្បន្នទាហានអ៊ុយក្រែន ក៏កំពុងប្រយុទ្ធតស៊ូដើម្បីឯករាជ្យដូចគ្នាដែរ៕ ដោយធីរីណា
រូបថត :TTXVN