ខេត្តរតនគិរី៖ ជនសង្ស័យជាចោរកាច់.កម៉ូតូប្រជាពលរដ្ឋដែលសមត្ថកិច្ចនគរបាលស្រុកកូនមុំឃាត់ខ្លួនតាមបណ្ដឹងរបស់ជនរងគ្រោះ ត្រូវបានរបូតរត់រួចពីកន្លែងឃុំឃាំងរបស់នគរបាលស្រុកកូនមុំ កាលពីម្សិលមិញ ដោយសមត្ថកិច្ចអះអាងជនសង្ស័យលួចដោះច្រវ៉ាក់ចេញ ពេលដែលសមត្ថកិច្ចកំពុងលង់លក់និងដំណេក។
គួររំលឹកថា កន្លងទៅជនរងគ្រោះឈ្មោះប្រាក់ នូវ ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរកម្មករជៀរជ័រកៅស៊ូ មានទីលំនៅភូមិល្អិន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី បានដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ច ដោយបញ្ជាក់ថា ចោរលួចកាច់សោ.កម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅ គ្មានស្លាកលេខ កាលពីព្រឹកម៉ោង១០និង០០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ដែលជនរងគ្រោះចាក់សោ.កទុកក្នុងបន្ទប់ផ្ទះចំការដោយពុំបានចាក់សោរទ្វារគ្រាន់តែរុញបិត ត្រូវបានចោរលួចកាច់សោ.កយកទៅបាត់ដោយសុវត្ថិភាព ។ ទើបនៅវេលាម៉ោង៥នឹង២០នាទីល្ងាចថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦ សមត្ថកិច្ចឈានទៅឃាត់ខ្លួនបានជនសង្ស័យម្មាក់នៅត្រង់ចំណុចភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
ជនសង្ស័យដែលឃាត់ខ្លួននោះត្រូវបានស្គាល់ឈ្មោះ ម៉ុម ប្រុសភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ហើយយកមកឃុំខ្លួនបណ្តោះអាសន្ន នៅអធិការនគបាលស្រុកកូនមុំ ដើម្បីកសាងសុំណុំរឿង។
បន្ទាប់ពីឃុំខ្លួនបណ្តោះអាសន្នតាមនីតិវិធីដើម្បីធ្វើការសួរនាំក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ស្រាប់តែជនសង្ស័យត្រូវបានរត់រួចពីកន្លែងឃុំខ្លួន។ ករណីនេះត្រូវបានគេរិះគន់ថា សមត្ថកិច្ចធ្វើការដោះលែង ឬអសមត្ថភាពក្នុងការគ្រប់គ្រងទៅលើជនសង្ស័យដែលស្ថិតនៅក្រោមការឃុំឃាំងរបស់ខ្លួន ហើយក៏ធ្វើឲ្យជនរងគ្រោះគ្មានទំនុកចិត្ត៕
ដោយ៖ វុទ្ធឦសាន្ត