ភ្នំពេញ : នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នេះបើយោងតាម ផេកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍ចំពោះលោកសាស្ដ្រាចារ្យ និងបានអរគុណចំពោះជំនួបកន្លងមកតាមប្រព័ន្ធអនឡាញជាមួយនឹងលោកសាស្ដ្រាចារ្យ។សម្ដេចបានស្វាគមន៍លោកសាស្ដ្រាចារ្យក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងបានជួបពិភាក្សាការងារដោយផ្ទាល់នាពេលនេះ ដោយសម្ដេចសម្ដែងនូវក្ដីរីករាយ និងត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សាផ្លាស់ប្ដូរយោបល់ផ្សេងៗទៀតលើបញ្ហាដែលលោកសាស្ដ្រាចារ្យមានបំណងចង់លើកឡើង។
ជាការឆ្លើយតប លោកសាស្ដ្រាចារ្យ វិធិត ម៉ាន់តាផន បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ដែលបានចំណាយពេលវេលាជួបពិភាក្សាជាមួយលោកក្នុងរយៈពេលកន្លងមក ទាំងតាមប្រព័ន្ធអនឡាញ និងជំនួបដោយផ្ទាល់នាពេលនេះ។ លោកក៏បានអរគុណសម្ដេចដែលតែងតែបានផ្តល់នូវពេលវេលាដើម្បី ឆ្លើយឆ្លង និងផ្ដល់នូវព័ត៌មានផ្សេងៗប្រកបដោយភាពស្និទ្ធស្នាល និងស្ថាបនាទៅវិញទៅមកជាមួយលោកទៅលើបញ្ហានានា ដែលលោកសាស្ដ្រាចារ្យធ្លាប់បានលើកឡើង។
ក្នុងឱកាសនៃជំនួបនាថ្ងៃនេះ លោកសាស្ដ្រាចារ្យ វិធិត ម៉ាន់តាផន បានជម្រាបសម្ដេចក្រឡាហោម នូវចំណុចចំនួន៥ធំៗ លើកឡើងជាមួយសម្ដេចក្រឡាហោម ដោយបញ្ហាទីមួយ គឺពាក់ព័ន្ធទៅនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, បញ្ហាទីពីរ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនៃការរៀបចំគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ, បញ្ហាទីបី គឺការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន, បញ្ហាទីបួន គឺអំពីការជួញដូរមនុស្ស ការជួញដូរពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្ម និងបញ្ហាទីប្រាំ គឺអំពីកិច្ចសហប្របត្តិការ និងជំនួយអាទិភាពផ្សេង២ របស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស ចំពោះវិស័យស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។
ឆ្លើយតបចំពោះចំណុចទីមួយ អំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថា កម្ពុជាតែងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងនោះជាចំណុចសំខាន់ គឺការបោះឆ្នោតយ៉ាងទៀងទាត់ រួមមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជាតិ ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតព្រឹទ្ធសភា។
សម្តេចក៏បានជម្រាបជូនថា កម្ពុជាពិតជាមានមោទនភាព ក្នុងនាមជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់នូវសង្គ្រាមដ៏ជូរចត់ ហើយបានរកឃើញផ្លូវមួយសម្រាប់ការអភិវឌ្ឍប្រទេសរបស់ខ្លួនឱ្យទទួលបាននូវសុខសន្តិភាព និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ សម្តេចក៏បានជម្រាបជូនថា ជាការពិតនូវអ្វីដែលកម្ពុជាទទួលបានមកដល់បច្ចុប្បន្ននេះក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាផ្ទាល់ ក៏មានការចូលរួមចំណែក និងការជួយជ្រោមជ្រែងពីបណ្ដាមិត្តភក្តិរបស់កម្ពុជា រួមទាំងពីរអង្គការសហប្រជាជាតិផងដែរ។
សម្ដេចបន្តថា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ កម្ពុជាកត់សម្គាល់ឃើញនូវវឌ្ឍនភាពស្ដែងតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេស គឺការបោះឆ្នោតនាពេលកន្លងទៅថ្មីៗនេះ ក៏ទទួលបាននូវការពេញចិត្ត ដោយហេតុថា គណបក្សនយោបាយ និងប្រជាពលរដ្ឋបានចូលរួមដោយសេរី ហើយការបោះឆ្នោតក៏បានប្រព្រឹត្តទៅដោយគ្មានអំពើហិង្សា ឬការបង្កឡើងនូវរបួសស្នាម ឬក៏ការធ្វើឃាតនយោបាយណាមួយនោះដែរ។
ចំពោះសិទ្ធិនយោបាយ សម្ដេចក្រឡាហោមក៏បានជម្រាបជូនថា បច្ចុប្បន្ននេះ មានគណបក្សនយោបាយចំនួន៤៥គណបក្សបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងក៏មានអង្គការមិនមែនរដ្ឋាភិបាល អង្គការ NGOs ជាច្រើនបាននឹងកំពុងអនុវត្តសកម្មភាពរបស់ខ្លួន ដែលអង្គការទាំងនោះ មានទាំងអង្គការដែលមានជំហរគាំទ្រ និងមិនគាំទ្ររាជរដ្ឋាភិបាល ដែលពួកគេបំពេញការងារទៅតាមមុខងាររបស់គេរៀងៗខ្លួន។
ចំពោះបញ្ហាទីពីរ គឺប្រព័ន្ធគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្ដេចក្រឡាហោម បានជម្រាបជូនថា ជាការពិតណាស់កិច្ចការងារនេះ គឺនៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួងកំពុងតែខិតខំដោះស្រាយ និងរៀបចំឲ្យបានល្អប្រសើរ និងថាបច្ចុប្បន្នក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់កែលម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃភាពចង្អៀតណែនក្នុងពន្ធនាគារ។
សម្ដេចបន្ថែមថា ទន្ទឹមនោះក្រសួងមហាផ្ទៃ ក៏កំពុងសហការជាមួយនឹងក្រសួងយុត្តិធម៌ ដើម្បីអនុវត្តនូវវិធានការមួយចំនួនដូចជា ការដោះលែងក្រោមលក្ខខណ្ឌ និងការតាមដានរបស់តុលាការ និងមួយទៀត គឺការសិក្សាទៅលើការអនុវត្តនូវយន្ដការទោសសហគមន៍ជំនួសឲ្យការឃុំឃាំង ដោយកិច្ចការទាំងនេះត្រូវតែអនុវត្តដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាដល់ប្រសិទ្ធភាពយន្ដការ ក៏ដូចជារួមចំណែកកាត់បន្ថយនូវភាពមិនចង្អៀតណែនក្នុងពន្ធនាគារផង។
ចំពោះបញ្ហាទីបី ពាក់ព័ន្ធទៅនឹងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សម្ដេចក្រឡាហោម បានជម្រាបជូនលោកសាស្ត្រាចារ្យថា ជាង៥០ភាគរយ នៃអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀន ដោយក្រសួងមហាផ្ទៃកំពុងតែយកចិត្តទុកដាក់ដើម្បីបន្តដោះស្រាយបញ្ហានេះ តាមរយៈការខិតខំពង្រីកមជ្ឈមណ្ឌលស្ដារនីតិសម្បទាគ្រឿងញៀន និងការលើកទឹកចិត្តដល់រាជធានី ខេត្ត ក្នុងការបន្តគាំទ្រដល់ការបង្កើតឲ្យមានមជ្ឈមណ្ឌលស្ដារនីតិសម្បទានៅក្នុងរាជធានី-ខេត្តនីមួយៗ និងបន្តកៀរគររកការចូលរួមពីវិស័យឯកជន ដើម្បីគាំទ្រដល់កិច្ចការនេះ។
សម្តេចក៏បានជម្រាបជូនទៀតថា សម្ដេចសូមស្វាគមន៍ចំពោះការចូលរួមរបស់ភ្នាក់ងារពាក់ព័ន្ធនៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ព្រមទាំងដៃគូនានា នៅក្នុងកិច្ចការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក៏ដូចជាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាផ្តល់នូវលទ្ធភាពឲ្យកាន់តែច្រើនថែមទៀត ប្រកបដោយប្រសិទ្ធភាពក្នុងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ។
ដោយឡែកបញ្ហាទីបួន ពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្មនោះ សម្ដេចបានជម្រាបជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន ថា កម្ពុជាក៏ជាប្រទេសដែលរងគ្រោះដោយសារអំពើទាំងនេះ ដោយហេតុថា ពួកឧក្រិដ្ឋជនបានឆ្លៀតការកេងចំណេញទៅលើចំណុចខ្សោយមួយចំនួន ហើយយកកម្ពុជា ជាកន្លែងដើម្បីធ្វើការឆបោកប្រព្រឹត្តអំពើជួញដូររត់ពន្ធមនុស្សនេះ។
សម្ដេចក្រឡាហោម ក៏បានជម្រាបជូនលោកសាស្ត្រាចារ្យអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងមហាផ្ទៃក្នុងការចាត់វិធានការជាបន្តបន្ទាប់ ហើយបានបង្ក្រាបក៏ដូចជាជួយសង្គ្រោះជនរងគ្រោះបានអស់ជាច្រើននាក់នៅក្នុងរយៈពេលកន្លងមក និងក៏បានបន្តធ្វើកិច្ចការនេះជាប្រចាំផងដែរ។ សម្ដេចឱ្យដឹងថា នាពេលឆាប់ៗនេះ សម្ដេចនឹងបន្តដឹកនាំដើម្បីដាក់ចេញផែនការតស៊ូបង្ក្រាប និងប្រយុទ្ធប្រឆាំងបទល្មើសនេះ ព្រមទាំងដើម្បីកៀរគរការចូលរួមចំណែកផ្តល់កិច្ចសហការពីបណ្ដាភាគីពាក់ព័ន្ធឈានទៅបង្ក្រាបមេខ្លោងប្រព្រឹត្តបទល្មើសនេះយកមកផ្ដន្ទាទោសតាមច្បាប់។
ពាក់ព័ន្ធនឹងបញ្ហាទីប្រាំ គឺកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសផ្សេងៗវិញ សម្ដេចក្រឡាហោម បានជម្រាបជូនលោកសាស្ត្រាចារ្យថា សម្ដេចផ្ទាល់សូមថ្លែងអំណរគុណចំពោះលោកសាស្ដ្រាចារ្យ ដែលបានលើកឡើងនូវបញ្ហាជាមួយគ្នា ហើយសម្ដេចក៏បន្តគាំទ្រលើកទឹកចិត្តឲ្យមានការជជែកពិភាក្សាបន្ថែមទៀត ពីសំណាក់តំណាងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជាមួយមន្ត្រីពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យជាក់ស្តែងទៅលើអ្វីដែលជាតម្រូវការ និងអាចឱ្យភាគីទាំងពីរធ្វើការសហការ និងគាំទ្រគ្នាទៅវិញទៅមក។
មុននឹងបញ្ចប់កិច្ចពិភាក្សាគ្នានោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកសាស្ដ្រាចារ្យ វិធិត ម៉ាន់តាផន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងអរគុណចំពោះកិច្ចពិភាក្សាផ្លាស់ប្ដូរយោបល់ប្រកបដោយអត្ថន័យ និងស្ថាបនាទៅវិញទៅមក។ សម្ដេចក៏បានជូនពរឲ្យលោកសាស្ដ្រាចារ្យទទួលបានជោគជ័ក្នុងកម្មរបស់លោកនៅកម្ពុជា៕
ដោយ : សិលា