ឃាត់ខ្លួនជនដៃដល់ម្នាក់​ បន្ទាប់ពី​យកកាំបិតចាក់កជ្រូក កាប់ទៅលើសន្តិសុខមណ្ឌលកែប្រែរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) កាលពីថ្ងៃទី២៤ ខែសីហា ម្សិលមិញ​នេះ​ ត្រង់ចំណុចមណ្ឌលពិភពនៃក្ដីសង្ឃឹម ភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

របាយការណ៍​ដដែល​បន្តថា​ ជនដៃដល់ឈ្មោះ យឿង ពេជ្រ ភេទប្រុស អាយុ ៤៥ឆ្នាំមានទីលំនៅភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពយកកាំបិតសម្រាប់ចាក់កជ្រូក ប្រវែង៤៥សង់ទីម៉ែត្រ កាប់ទៅលើជនរងគ្រោះ ឈ្មោះ កែវ ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ (ជាសន្តិសុខមណ្ឌល) មានទីលំនៅភូមិពង្រ ឃុំដំណាក់ដង្កេ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាច្រើនកាំបិតបណ្ដាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃ២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦និង៣០នាទី។

តាមការបំភ្លឺរបស់លោកអធិការ​ បានឱ្យដឹងថា មូលហេតុដែលឈានដល់ការប្រើប្រាស់អាវុធជាកាំបិតកាប់ទៅសន្តិសុខមណ្ឌលនេះដោយសារជនសង្ស័យជាអ្នកញៀនថ្នាំជាប់នៅក្នុងមណ្ឌលកែប្រែនេះ នៅថ្ងៃកើតហេតុជនសង្ស័យមានជម្លោះជាមួយប្រពន្ធ ដែលទៅសួរសុខទុក្ខ ឃើញដូចនោះសន្តិសុខបានចូលទៅឃាត់ខ្លួនទើបបង្កជាហិង្សាតែម្តង។ វត្ថុតាងដកហូតបានមាន កាំបិតសម្រាប់ចាក់កជ្រូក ពណ៌ខ្មៅ ប្រវែង៤៥ សង់ទីម៉ែត្រ ចំនួន០១ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលពិភពនៃក្តីសង្ឃឹមខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តរង់ចាំចំណាត់ការតាមនីតិវិធី-ច្បាប់៕

...

ដោយ​សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print