លោកប្រាយុទ្ធ ចាន់អូចា បានប្រកាសថា លោកនៅតែកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ហើយធ្វើសកម្មភាពក្នុងនាមក្រសួងការពារជាតិ ក្រោយតុលាការធម្មនុញ្ញប្រកាសព្យួរការងារនាយករដ្ឋមន្ត្រី។
លោកប្រាយុទ្ធបានបង្ហោះសារលើបណ្តាញសង្គមTwitter កាលពីថ្ងៃទី២៥ខែសីហាថា «ខ្ញុំនឹងបន្តភារកិច្ចក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីប្រជាជននិងប្រទេសជាតិថៃ»។
តុលាការធម្មនុញ្ញថៃបានចេញសាលក្រមព្យួរតំណែងលោកប្រាយុទ្ធ កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីទទួលយកញតិ្តរបស់គណបក្សប្រឆាំងដែលស្នើឱ្យពិនិត្យឡើងវិញលើអាណត្តិនាយករដ្ឋមន្ត្រី និងព្យួរតួនាទីរបស់លោកជាបណ្ដោះអាសន្ន។ ខាងគណបក្សប្រឆាំងបានអះអាងថា អាណត្តិរបស់លោក ប្រាយុទ្ធ ត្រូវបិទបញ្ចប់កាលពីថ្ងៃពុធ ដែលជាគំរប់ខួប៨ឆ្នាំនៃការកាន់អំណាចរបស់លោក ដោយរាប់ចាប់តាំងពីឆ្នាំ២០១៤មក។ បើតាមរដ្ឋធម្មនុញ្ញថៃ នាយករដ្ឋមន្ត្រីមិនអាចកាន់តំណែងលើសពី៨ឆ្នាំឡើយ។
ក៏ប៉ុន្តែក្រុមអ្នកគាំទ្រលោកប្រាយុទ្ធ បានអះអាងថា អាណត្តិរបស់លោក ប្រាយុទ្ធ គឺចាប់ផ្ដើមរាប់ពីឆ្នាំ២០១៧ ហើយខ្លះទៀតថាឆ្នាំ២០១៩ ដែលនេះមានន័យថាលោកអាចកាន់តំណែងរហូតដល់ឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប្រសិនបើលោកនៅតែទទួលបានការគាំទ្រនៅក្នុងសភា។ ទោះយ៉ាងណាក៏ដោយ គេមិនទាន់ ដឹងច្បាស់ថា តើតុលាការធម្មនុញ្ញថៃនឹងធ្វើការសម្រេចចិត្តបែបណា ឬនៅពេលណានោះទេ ខណៈដែលឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វង្សស៊ូវ៉ាន់ (Prawit Wongsuwan) កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន៕ ដោយធីរីណា
រូបថត :AFP/TTXVN
រូបថត :REUTERS