ភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធុនធំមួយគ្រឿង បានធ្វើដំណើរក្នុងល្បឿនលឿនគេចពីរថយន្តដឹកកម្មកររោងចក្រ និងម៉ូតូគេផ្សេងទៀត រេចង្កូងឡើងសួនច្បារពុះចែកទ្រូងផ្លូវបន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរាបដល់ដី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧ និង៥០ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចខាងមុខរោងចក្រព្រែកជ្រៃ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធុនធំមួយគ្រឿង ពាក់ផ្លាកលេខ ព្រៃវែង 3A-0473 បើកបរក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ រថយន្តបង្ក ក៏បានគេចពីរថយន្តដឹកកម្មកររោងចក្រ និងម៉ូតូគេផ្សេងទៀត ទើបជ្រុលទៅបើកឡើង សួនច្បារពុះចែកទ្រូងផ្លូវ២១៧ បន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ខ្ទេចមួយដើមរាបដល់ដី តែសំណាងល្អក្នុងហេតុការណ៍នេះគ្មាននរណាម្នាក់ រងរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែងនិងប្រគល់ឲ្យកម្លាំងនគរបាល នៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ