ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី២៧ ខែសីហា ឆ្នាំ២០២២នេះថា៖ លោក វង្សផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិសារអាហារសាមគ្គីអបអរសាទរក្នុងឱកាសខួបទី៧៧ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារឃ្វីនកូ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃសុក្រទី២៦ ខែសីហាម្សិលមិញនេះ ដោយមានការចូលរួមពីឯកឧត្តម តំណាងរាស្រ្ត
អភិបាលរងខេត្ត និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរខួបទី៧៧ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ក្នុងទិវារំលឹកខួបទី ៧៧ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណៈរដ្ឋសង្គម និយមវៀតណាម (០២កញ្ញា ១៩៤៥-០២កញ្ញា ២០២២) សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំបក្សរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាមប្រកបដោយសុខភាពល្អបរិបូរណ៍អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងកោតសរសើរចំពោះវីរភាព និងការខិតខំប្រឹងប្រែងរបស់ប្រជាជន និងកងទ័ពវៀតណាមចំពោះការតស៊ូរំដោះជាតិចេញពីការឈ្លានពានរបស់ពួកចក្រពត្តិនិយមប្រកបដោយជោគជ័យ។
រយៈពេល ៧៧ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃបក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាមប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យនាំមកនូវវឌ្ឍនភាព វិបុលភាពនិងជីវភាពរស់នៅកាន់តែសម្បូរឡើងថែមទៀត ការរីកចម្រើនបានលើកកិត្យានុភាពវៀតណាមនៅក្នុងតំបន់ និងអន្តរជាតិ ហើយបានចូលរួមចំណែកដល់សន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ទាំងមូលវៀតណាម និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការរយៈ ពេល៥៥ឆ្នាំ លើកកម្ពស់ពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងជាការដឹងគុណរវាងប្រជាជន នៃប្រទេសទាំងពីរ “វៀតណាមដឹងគុណ និងចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាមក្នុងអំឡុងទសវត្សរ៍៦០-៧០ ឯកម្ពុជាដឹងគុណ និងចងចាំចំពោះពលីកម្មរបស់កងទ័ពនិងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនៅទសវត្សរ៍៧០-៨០។
រយៈពេល ៥៥ឆ្នាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបាននូវសមិទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យនាំមកនូវផលប្រយោជន៍ជូនប្រជាជន នៃប្រទេសទាំងពីររួមចំណែកដល់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍មានបាវចនាថា “អ្នកជិតខាងល្អមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” ភាគីទាំងពីរបានលើកកម្ពស់ប្រសិទ្ធភាព នៃយន្តការប្រតិបត្តិការក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាលពង្រឹងការផ្លាស់ប្ដូរទស្សនកិច្ច កិច្ចប្រជុំ និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ដើម្បីជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
លោកអភិបាលខេត្តបានបន្តថា យើងទាំងអស់គ្នាជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការចាំបាច់នានាជា បន្តបន្ទាប់វិធានការ ៣.កុំ និង ៣.ការពារ របស់សម្ដេចតេជោ ពិសេសយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។ រាជរដ្ឋាភិបាលសម្រេចបើកឱ្យដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញលើគ្រប់វិស័យ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរប្រកបការងារ និងរស់នៅតាមគន្លងប្រក្រតីភាពថ្មី។ រដ្ឋបាលខេត្តព្រះសីហនុ កំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខេត្តឱ្យទទួលបាននូវវឌ្ឍនភាព និងកាលានុវត្តភាពថ្មីបន្ថែមទៀតនៅពេលខាងមុខ៕
ដោយ៖សហការី