ភ្នំពេញ ៖ យុវជន៣នាក់ជិះម៉ូតូឌុបគ្នា យ៉ាងលឿនគេចពីក្រុមក្មេងស្ទាវដេញតាមវាយពីក្រោយ ភ័យពេកបើកម៉ូតូជ្រុលទៅបុកម៉ូតូគេមួយគ្រឿងបណ្តាលឱ្យបុរសជាមន្រ្តីយោធាម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯយុវជន៣នាក់ដែលជិះម៉ូតូបង្ករងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែសីហាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ដារ៉ា ប្រាថ្នា ភេទប្រុស អាយុ ៣០ឆ្នាំ ជាមន្រ្តីយោធា មានស្រុកកំណើតនៅភូមិស្វាយមីង ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភពព័ត៌មានពីបុរសម្នាក់បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជាមន្រ្តីយោធាម្នាក់បានបើកម៉ូតូម៉ាកហុងដា Zoomer-X ពាក់ស្លាកលេខកំពង់ស្ពឺ1O-4699 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុត្រង់ភ្លើងស្តុបចំការមន កែងនឹងផ្លូវម៉ៅសេទុង ស្រាប់តែគេឃើញយុវជន៣នាក់បានជិះម៉ូតូឌុបគ្នាម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IB-2802 ចេញពីផ្លូវព្រះសុធារសយ៉ាងលឿន ដោយមានក្មេងស្ទាវមួយក្រុមប្រដាប់ទៅដោយដំថ្មដេញវាយពីក្រោយទៅលើយុវជន៣នាក់នោះ បណ្តាលឱ្យពួកគេភ័យជិះរត់គេចទៅបុកម៉ូតូzoomre-x ជិះដោយបុរសជាមន្រ្តីយោធាពេញទំហឹង បណ្តាលឱ្យដួលខ្ទាតបុរសរងគ្រោះទៅលើខឿនផ្លូវស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯយុវជន៣នាកនោះរងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯក្មេងស្ទាវមួយក្រុមនោះបានបើករត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើកំណត់ហេតុ វាស់វែងនិងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ