ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើហិង្សាដោយចេតនាយកដែកបំពង់ទីប វាយទៅលើជនរងគ្រោះជាកម្មកររោងចក្រដូចគ្នាបណ្ដាលឱ្យរងរបួសក្បាលផ្នែកខាងក្រោយដេរ១០ថ្នេរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅក្នុងរោងចក្រម៉ូរ៉ូហ្វូជី នៃតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះកែន សំណាង អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
ចំណែកជនរងគ្រោះមានឈ្មោះអៀប មោគ អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប រងរបួសក្បាលផ្នែកខាងក្រោយដោយត្រូវក្រុមគ្រូពេទ្យដេរចំនួន១០ថ្នេរ។
ប្រភពបន្តថា កាលពីវេលាម៉ោង៤និង២០នាទីរសៀលជនរងគ្រោះ ឈ្មោះ អៀប មោគ បានមកប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលបាវិតថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១និង៤០នាទីរសៀល នៅចំណុចក្នុងរោងចក្រម៉ូរ៉ូហ្វូជី នៃតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត បន្ទាប់ពីខ្លួនកំពុងធ្វើការស្រាប់តែជនសង្ស័យឈ្មោះកែន សំណាង បានធ្វើសកម្មភាពវាយខ្លួនដោយបំពង់ដែកទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយពីទទួលបានព័ត៌មាននៃបណ្ដឹងនេះភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតធ្វើការសាកសួរដោយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកបំពង់ទីបដែកវាយទៅលើជនរងគ្រោះប្រាកដមែនដោយសារតែខឹងជនរងគ្រោះបានសារ៉េ ម៉ាស៊ីនស្លថង់ដែលខ្លួនគ្រប់គ្រងធ្វើឱ្យខូច។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុថាន