មានកម្លាំងទាហានជាង៥ម៉ឺននាក់បានចូលរួមធ្វើសមយុទ្ធទ្រង់ទ្រាយធំដែលមានឈ្មោះថា “Vostok-2022” ដែលធ្វើឡើងនៅទីតាំងហ្វឹកហាត់កម្លាំងយោធា ៧កន្លែងផ្សេងគ្នានៅភាគខាងកើតប្រទេសរុស្ស៊ី។
សារព័ត៌មាន Ria Novosti បានដកស្រង់ព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីដែលបញ្ជាក់ថា ការធ្វើសមយុទ្ធ “Vostok-2022” នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែកញ្ញា ក្នុងតំបន់ហ្វឹកហ្វឺនកងពលតំបន់ភាគខាងកើតរុស្ស៊ី។ គោលដៅនៃការធ្វើសមយុទ្ធនោះ គឺដើម្បីបង្កើនសមត្ថភាពការពារ និងវាយប្រហារ ក្រោមការបញ្ជាពីទីបញ្ជាការនៃកម្លាំងប្រដាប់អាវុធរុស្ស៊ី ដឹកនាំដោយឧត្តមសេនីយ៍ Valery Gerasimov។
តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី កម្លាំងទាហាននឹងហ្វឹកហាត់ពីយុទ្ធសាស្ត្រផ្សេងៗគ្នា ដើម្បីបង្កើនសមត្ថភាពទប់ទល់និងវាយប្រហារ ។ សមយុទ្ធនោះក៏មានកម្លាំងឆត្រយោងចូលរួមផងដែរ ។
នៅក្នុងសមយុទ្ធទ្រង់ទ្រាយធំនោះ មានកម្លាំងទាហានមកពីប្រទេសជាច្រើនចូលរួម ក្នុងនោះមាន ទាហានមកពីប្រទេស Azerbaijan, Algeria, Armenia, Belarus, india, Kazakhstan, Kyrgyzstan, ចិន, ឡាវ, ម៉ុងហ្គោលី, នីការ៉ាហ្គ័រ, ស៊ីរី និងតាជីគីស្ថាន ចូលរួមក្នុងសមយុទ្ធ Vostok-2022៕ ដោយធីរីណា
រូបថត :Ria Novosti