ខេត្តពោធិ៍សាត់៖ មន្រ្តីមណ្ឌលអប់រំកែប្រែទី៤ (ម៤) ស្រុកភ្នំក្រវាញម្នាក់ស្លាប់នៅក្នុងអង្រឹងត្រូវបានគេសង្ស័យបណ្ដាលមកពីខ្យល់គ។
ហេតុការណ៍នេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចអគាល្ហល្ហេវមួយក្នុងបរិវេណមណ្ឌលអប់រំកែប្រែទី៤ (ទី៤) ស្រុកភ្នំក្រវាញ ស្ថិតភូមិព្រហស្ថក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រក្រវាញ ខេត្តពោធិ៍សាត់។
អាវុធហត្ថមូលដ្ឋានស្រុកប្រាប់ថា បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហែម ទិត្យ អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ មុខរបនិងឋានៈនាយរងផ្នែកសន្តិសុខអន្តរាគមន៍នៃមណ្ឌលអប់រំកែប្រែទី ៤(ម៤) ស្រុកភ្នំក្រវាញ (កន្លែងកើតហេតុ)។
ប្រភពខាងលើបន្តថា ក្រោយកើតហេតុកម្លាំងសមត្តកិច្ចបាននាំគ្នាចុះទៅកន្លែងដើម្បីធ្វើការស្រាវជ្រាវពិនិត្យលើខ្លួនប្រាណសាកសពយ៉ាងម៉ត់ចត់ទើបសន្និដ្ឋានថា ជនរងគ្រោះស្លាប់អាចបណ្ដាលមកពីខ្យល់គ ឡើងឈាមដាច់សរសៃឈាមខួរក្បាល។
ប្រភពដដែលអះអាងបន្តទៀតថា បន្ទាប់ពីធ្វើការស្រាវជ្រាវពិនិត្យយ៉ាងយកចិត្តទុកដាក់នៅព្រឹកថ្ងៃទី១៤ ខែឧសភា នេះ ឃើញថា មិនមានស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធគួរឲ្យសង្ស័យទេនោះ ក៍បានប្រគល់ឲ្យសាច់ញាតិនៃក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ប៉ឹម ពិន