យន្តហោះរ៉ាដា ប្រភេទ A-50U មានសមត្ថភាពយ៉ាងច្បាស់ក្នុងការកំណត់គោលដៅដើម្បីវាយប្រហារ ។ នេះជាអាវុធទំនើបបំផុតរបស់កម្លាំងទាហានរុស្ស៊ីក្នុងការធ្វើសង្គ្រាម ។
សារព័ត៌មាន Ukrainska Pravda បានផ្សាយថា អ្នកនាំពាក្យកម្លាំងទាហានអាកាសអ៊ុយក្រែន លោក Yurii បានឱ្យដឹងថា រុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធរា៉ដា A-50U នៅជិតព្រំដែនប្រទេសទាំងពីរ និងយាមល្បាតនៅក្នុងតំបន់ជាច្រើននៅលើដែនអាកាសអ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែនបញ្ជាក់ថា យន្តហោះរ៉ាដាប្រកាសអាសន្ន A-50U និងយន្តហោះទំនាក់ទំនងទាន់ហេតុការណ៍ Il-22 ដើម្បីកំណត់គោលដៅពីលើដែនអាកាសឱ្យកម្លាំងទាហានរុស្ស៊ីបើកការវាយប្រហារទៅលើគោលដៅ ។ សកម្មភាពខាងលើបង្កក្តីបារម្ភពីការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែន ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត សហរដ្ឋអាមេរិក បាននិយាយថា រុស្ស៉ីមិនចង់អើពើឡើយចំពោះហានិភ័យនៃការលេចធ្លាយសារធាតុវិទ្យុសកម្មនៅឯរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporizhzhia នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូរារាំងការអនុម័តសេចក្ដីថ្លែងការណ៍រួម ស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ។
ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា សហព័ន្ធរុស្ស៉ីបានសម្រេចចិត្តតែម្នាក់ឯងក្នុងការបិទខ្ទប់សេចក្ដីថ្លែងការណ៍រួមស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ នៅក្រោមសន្ធិសញ្ញា NPT ហើយការធ្វើបែបនេះ វាបានបង្ហាញថា រុស្ស៉ីមិនចង់អើពើឡើយចំពោះហានិភ័យនៃមហន្តរាយលេចធ្លាយសារធាតុវិទ្យុសកម្មនៅឯរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា នៅក្នុងប្រទេសអ៊ុយក្រែន។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកធ្វើឡើងក្រោយ
រុស្ស៉ីកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានរារាំងការអនុម័តលើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ ខណៈដែលតំណាងភាគីរុស្ស៉ីបានអះអាងថា ការសម្រេចចិត្តនេះធ្វើឡើងដោយសារតែទីក្រុងមូស្គូយល់ថាសេចក្ដីថ្លែងការណ៍រួមដែលមានកម្រាស់ជាង៣០ទំព័រខាងលើមិនមានតុល្យភាព និងមានចេតនា នយោបាយ៕ ដោយធីរីណា
រូបភាព:Tienphong.vn