លោករដ្ឋមន្ត្រី វេង សាខុន ជួបពិភាក្សាការងារជាមួយលោកស្រី Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV (Israel’s Official International Development Cooparetion Program)

ចែករំលែក៖

ភ្នំពេញ : នៅវេលាម៉ោង ១៣:៣០ រសៀលថ្ងៃដដែល លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួបពិភាក្សាការងារជាមួយលោកស្រី Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV (Israel’s Official International Development Cooparetion Program) និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល លើប្រធានបទសំខាន់ចំនួនពីរ គឺទី១. ភាពជោគជ័យនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការអភិវឌ្ឍវិស័យកសិកម្ម ឈរលើគោលការណ៍អភិវឌ្ឍធនធានមនុស្ស ដោយបានបញ្ជូននិស្សិតកម្ពុជាមកសិក្សារៀនសូត្រទាំង  ទ្រឹស្តី និងការអនុវត្តផ្ទាល់នៅរដ្ឋអ៊ីស្រាអែលជាងមួយទស្សវត្សកន្លងមកកាន់តែល្អប្រសើរជា លំដាប់។ ទី២. ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតទាក់ ទងការបណ្តុះបណ្តាលធនធានមនុស្សទាំងសម្រាប់រយ:ពេលខ្លី និងរយ:ពេលវែង រួមទាំងផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងចូលរួមក្នុងសិក្ខាសាលាថ្នាក់អន្តរជាតិលើប្រធានបទសំខាន់ៗទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម កសិ-ធុរកិច្ច ការគ្រប់គ្រង និងដឹកនាំសហគ្រិន ការប្រែប្រួលអាកាសធាតុ។ល។

ជាបឋម តាមរយៈលោកស្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនលោកផ្ទាល់ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជាពិសេសតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតដែលរៀនជំនាញផ្នែកកសិកម្មបានមកធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយជាពិសេសដោយថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើនកូតានិស្សិតថែមក្នុង១ឆ្នាំ ៥០នាក់បន្ថែមទៀតសរុប ២៥០នាក់/ឆ្នាំ។ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា លោកស្រីនឹងអាចពិនិត្យ ពិចារណាបង្កើនចំនួនសិស្សបន្ថែមទៀតនាពេលអនាគត។ ទន្ទឹមនឹងនេះ ស្នើដល់ភាគីអ៊ីស្រាអែលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការឧបត្ថម្ភគាំទ្រ និងរួចគ្នារៀបចំគម្រោងផ្សេងៗទៀតដែលអាចជាប្រយោជន៍សម្រាប់វិស័យកសិកម្មកម្ពុជា និងប្រទេសទាំងពីរ។ 

លោកស្រីបានវាយតម្លៃខ្ពស់ និងរីករាយនាពេលដែលសង្កេតឃើញថាកម្ពុជាបាន និងកំពុងទទួលអត្ថប្រយោជន៍យ៉ាងល្អប្រសើរពីកិច្ចសហប្រតិបត្តិការនេះ។ លោកស្រីបន្ថែមថា ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានកាត់ ឫបន្ថយចំនួនសិស្សពីបណ្តាលប្រទេស លើកលែងតែកម្ពុជាដែលត្រូវបានបង្កើនទៅវិញ។ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកថែមមួយកម្រឹតទៀត លោកស្រីបានលើកឡើងថាគួររួមគ្នារៀបចំគម្រោងពិនិត្យ ផ្តល់ប្រឹក្សាយោបល់ និងតាមដានសកម្មភាព ភាពជោគជ័យ និងបញ្ហារបស់និស្សិតដែលបានបញ្ចប់ការធ្វើកម្មសិក្សានៅអ៊ីស្រាអែល។ ហើយបើអាច ពិនិត្យលទ្ធភាពក្នុងការផ្តល់ទុនសម្រាប់និស្សិតបង្កើត ឫពង្រីកអាជីវកម្មកសិកម្ម ដើម្បីធានាប្រសិទ្ធភាព និរន្តរភាពនៃកិច្ចសហប្រតិបត្តិការ និងជាពិសេសរួមគ្នាអភិវឌ្ឍន៍វិ​ស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព។ 

លោករដ្ឋមន្រ្តីរីករាយចំពោះការលើកឡើងរបស់លោកស្រី ព្រោះនេះគឺជាយន្តការមួយដែលក្រសួងបាន និងកំពុងរៀបចំ ដូច្នេះស្វាគមន៍ចំពោះការចូលរួមពីភាគីអ៊ីស្រាអែល។លោកស្នើដល់លោកស្រីគួរបង្កើតក្រុមការងារជំនាញរវាងក្រសួងពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដើម្បីរៀបចំសេចក្តីព្រាងឯកសារអនុស្សរណៈនៃការយោគយល់គ្នា។ ជាទីបញ្ចប់ លោករដ្ឋមន្ដ្រីបានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកស្រី និងក្រសួងការបរទេស​អ៊ីស្រាអែល និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀតនាពេលអនាគត ៕​

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print