ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីលោកវរសេនីយ៍ទោ ផាន់ វាសនា ប្រធានមជ្ឈមណ្ឌលប្រចាំ បញ្ញា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី៣០ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចុះធ្វើការស្រាវជ្រាវ និងស្វែងរកឃើញទីតាំងមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានជួយសង្គ្រោះជនជាតិវៀតណាមចំនួន ០៥នាក់ (ស្រីចំនួន ០២នាក់) និងនាំអ្នកគ្រប់គ្រងមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ។
ប្រភពដដែលបន្តថា កាលពីវេលាម៉ោង ១៤ និង៣៥នាទី ថ្ងៃទី២៩ ខែសីហាម្សិលមិញនេះ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណី “បង្ខាំងមនុស្ស” ដែលស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ភ្លាមនោះនគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧។ លុះនៅម៉ោង ១៤ និង៤០នាទីថ្ងៃដដែល លោកវរសេនីយ៍ទោ ផាន់ វាសនា ប្រធានមជ្ឈមណ្ឌលប្រចាំ បញ្ញា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហានៃស្នង ការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី សាញ់ ប៊ុនថន ស្នងការរង ទូរស័ព្ទលេខ ០១២ ៨៩០ ៣០១ ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។
លទ្ធផលនៅម៉ោង ១០ និង៥៥នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ តាមរបាយការណ៍បឋម លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវ និងស្វែងរកឃើញទីតាំងខាងលេីនេះ បានជួយសង្គ្រោះជនជាតិវៀតណាមចំនួន ០៥នាក់ (ស្រីចំនួន ០២នាក់) និងនាំអ្នកគ្រប់គ្រងមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ។
ក្រោយពីការសាកសួរពួកគេថាមិនមានការបង្ខាំង ឬធ្វើទារុណកម្មអ្វីទេ គ្រាន់តែក្រុមហ៊ុន រឹតបន្តឹងចំពោះបុគ្គលិក ហើយពួកគេចង់ចាកចេញទៅស្រុកកំណើតវិញ ករណីនេះ បានបញ្ចប់នៅម៉ោង ១១ និង១៥នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ៕
ដោយ៖សហការី