ភ្នំពេញ : បើតាមការរៀបរៀងដោយ លោក អ៉ឹម វុត្ថា ទីប្រឹក្សារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់អោយដឹងថា,តើអ្នកដឹងទេថាអ្វីទៅហៅថា និយ័តករទូរគមនាគមន៍ ? អ្វីទៅជានិយ័តកម្ម? ហើយហេតុអ្វីបានជាគេចង់បង្កើតឱ្យមាននិយ័តករ ក្នុងវិស័យទូរគមនាគមន៍? ហើយនិយ័តករទូរគមនាគមន៍នេះ វាមានការវិវត្តិន៍ និងប្រែប្រួលជាជំនាន់ៗយ៉ាងដូចម្តេច និងដោយសារអ្វី? ហើយ នៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានទាំង ១០ បានបង្កើតនិយត័ករ នេះយ៉ាងដូចម្តេច? ខាងក្រោមជាចម្លើយ៖
១) អ្វីទៅហៅថានិយ័តករទូរគមនាគមន៍ ?
តាមការឱ្យន័យរបស់សហភាពទូរគមនាគមន៍អន្តរជាតិបានកំណត់ថា៖ និយ័តករទូរគមនាគមន៍ ឬអាជ្ញាធរនិយ័តកម្មទូរគមនាគមន៍ ឬគណៈកម្មការនិយ័តកម្មទូរគមនាគមន៍ គឺជាស្ថាប័នមួយដែលត្រូវបង្កើតឡើង ដោយច្បាប់ស្តីពីទូរគមនាគមន៍ ដែលកំណត់ពីលក្ខណៈឬទម្រង់ និងរបប គ្រប់គ្រងជាក់លាក់មួយសម្រាប់បង្កើតជាយន្តការមួយ ដើម្បីការគ្រប់ គ្រងរដ្ឋបាល ការត្រួតពិនិត្យ និងការដាក់ចេញនូវការចាត់វិធានការណ៍ ទៅលើការអនុវត្តរបស់អ្នកទទួល សិទ្ធិឱ្យប្រតិបត្តិការអាជីវកម្ម និងប្រើ ប្រាស់សេវាទូរគមនាគមន៍ ស្របតាមក្របខណ្ឌគតិយុត្ត ផែនការ យុទ្ធសាស្រ្ត និងគោលនយោបាយស្តីពីការអភិវឌ្ឍន៍វិស័យ ទូរគមនាគមន៍ ដែលដាក់ចេញដោយរដ្ឋនិមួយៗតាមរយៈក្រសួងជំនាញ របស់រដ្ឋ (នៅកម្ពុជាយើង គឺនិយ័តករទូរគមនាគមន៍កម្ពុជា ដែលបង្កើត ដោយច្បាប់ស្តីពីទូរគមនាគមន៍)។
២) អ្វីទៅហៅថា និយ័តកម្ម ?
មានន័យថាជារបបគ្រប់គ្រងជាក់លាក់មួយដោយឯករាជ្យសម្រាប់វិស័យទូរគមនាគមន៍ ស្របតាម ក្របខណ្ឌគតិយុត្ត ផែនការយុទ្ធសាស្រ្ត និង គោលនយោបាយក្នុងវិស័យ ដែលដាក់ចេញដោយរដ្ឋ ដើម្បី បង្កើតជា យន្តការមួយសម្រាប់ ការគ្រប់គ្រងរដ្ឋបាល ការត្រួតពិនិត្យ និងការដាក់ ចេញនូវវិធានការ ឬអាចនិយាយខ្លី ហៅថា របបគ្រប់គ្រង ឬអភិបាលកិច្ច ណាមួយ រួមមាន៖ ការប្រមូលផ្តុំនូវយន្តការគតិយុត្តទាំងឡាយណាដែល បានកំណត់ដោយរដ្ឋ ដើម្បីធ្វើយ៉ាងណាជួយជម្រុញឃឿនសេដ្ឋកិច្ចជាតិ និងបម្រើឲ្យគោលដៅនយោបាយ និង សង្គមជាតិ (និយ័តកម្ម ជាតួនាទី និងភារកិច្ចរបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលកំណត់ដោយច្បាប់ ស្តីពីទូរគមនាគមន៍ នៅកម្ពុជា) ។
៣) ហេតុអ្វីបានតម្រូវឱ្យមានការបង្កើតឱ្យមាននិយ័តករ?
ការវិវត្តន៍នៃរចនាសម្ព័ន្ធទីផ្សារវិស័យទូរគមនាគមន៍ បានធ្វើឱ្យការងារ និយ័តកម្មទូរគមនាគមន៍ ក៏វាប្រែប្រួល និងមានតម្រូវការ ស្របគ្នាផងដែរ ដូចជា៖
ក) និយ័តករជំនាន់ទី១ ៖
នៅពេលទីផ្សារទូរគមនាគមន៍មានរចនាសម្ព័ន្ធជាលក្ខណៈម៉ូណូប៉ូលីឬ ផ្តាច់ មុខសាធារណៈ នោះការធ្វើនិយ័តកម្មក្នុងវិស័យនេះនៅមានកម្រិត គឺរដ្ឋឬក្រសួងជំនាញជាសេនាធិការរបស់រដ្ឋជាប្រតិបត្តិករ ម៉ូណូប៉ូលីឬ ផ្តាច់មុខម្នាក់ឯងតែម្តងនៅក្នុងទីផ្សារហើយមិនមានការប្រកួតប្រជែងឡើយ និងជាអ្នកធ្វើគោលនយោបាយ ផងនិងជានិយ័តករផងដែរ មានន័យ ថាមិនមានការបំបែកគ្នារវាងស្ថាប័នធ្វើគោលនយោបាយ និយ័តករ និង ប្រតិបត្តិករ ឡើយ។ ឧទាហរណ៍បញ្ជាក់៖ ដូចករណីនៅកម្ពុជា មុនថ្ងៃ ទី០១ ខែមករា ឆ្នាំ២០០៦ ដែលកាលណោះក្រសួង ប្រៃសណីយ៍និង ទូរគមនាគមន៍ ជាសេនាធិការរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា ដើរតួជាស្ថាប័នធ្វើ គោលនយោបាយផង ជានិយ័តករផង និងជាប្រតិបត្តិករទូរស័ព្ទអចល័ត និងមាត់ច្រកទូរគមនាគមន៍អន្តរជាតិ (០០១) ផ្តាច់មុខតែមួយគត់ ហើយក្នុងទីផ្សារទូរគមនាគមន៍ថ្វីត្បិតតែមាន វិស័យឯកជនចូលរួមវិនិយោគលើការបង្កើតបណ្តាញ និងផ្តល់សេវា ទូរស័ព្ទចល័តក៏ដោយ តែរដ្ឋមិនអនុញ្ញាតឱ្យមានទម្រង់ជាក្រុមហ៊ុន ឯកជនមានភាគហ៊ុនខ្លួនឯង ១០០% ឡើយ គឺត្រូវតែប្រតិបត្តិការ ក្រោមស្លាកជាលក្ខណៈក្រុមហ៊ុនចំរុះរដ្ឋ (៥១% ទល់៤៩%) ។
ខ) និយ័តករជំនាន់ទី២ ៖
នៅពេលទីផ្សារទូរគមនាគមន៍មានរចនាសម្ព័ន្ធជាលក្ខណៈម៉ូណូប៉ូលីឬ ផ្តាច់មុខឯកជន នោះមានការកើនឡើងនៃការធ្វើនិយ័តកម្មបន្តិចបន្តួច គឺប្រតិបត្តិករត្រូវយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ ខ្លួនក្នុងការធ្វើប្រតិ បត្តិការអាជីវកម្ម ហើយរដ្ឋត្រូវដាក់ចេញនូវក្របខណ្ឌគតិយុត្តក្នុងការ ធ្វើនិយ័តកម្មរបស់ខ្លួន ដើម្បី សម្រួលដល់ការអនុវត្តរបស់ប្រតិបត្តិករ។ ឧទាហរណ៍បញ្ជាក់៖ ដូចករណីនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦ រហូតមកទល់ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១២ ដែលកាលណោះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាប់ផ្តើមបំបែកប្រតិបត្តិករ ទូរស័ព្ទអចល័ត និងមាត់ច្រកទូរគមនាគមន៍អន្តរជាតិ (០០១) ផ្តាច់មុខតែ មួយគត់ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួននោះ ឱ្យចេញពីការគ្រប់ គ្រងដោយផ្ទាល់ទៅជាសហគ្រាសាធារណៈគឺទូរគមនាគមន៍ កម្ពុជាសព្វ ថ្ងៃនេះ និងនៅក្នុងទីផ្សារទូរគមនាគមន៍ ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បានផ្តល់អាជ្ញាបណ្ណជូនដល់ ក្រុមហ៊ុនឯកជនទាំងអស់ អាចកាន់កាប់ភាគហ៊ុន ដោយខ្លួនឯង ១០០% ស្របតាមច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងមិនមានភាគហ៊ុនរបស់ខ្លួនជា មួយឯកជនទៀតឡើយ។ ពេលនោះវិស័យនេះបានចែកចេញពីគ្នាដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាស្ថាប័នធ្វើគោលនយោបាយ ផង និងជានិយ័តករផង រីឯនៅក្នុងទីផ្សារមានការ ប្រកួតប្រជែងដោយ ស្មើភាពរវាងសហគ្រាសសាធារណៈ (ទូរគមនាគមន៍កម្ពុជា) និងបណ្តា
ប្រតិបត្តិករទូរគមនាគមន៍ ឯកជន និងរវាងប្រតិបត្តិករឯកជននិង ប្រតិបត្តិករឯកជន ហើយរដ្ឋឬក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មិនមាន ភាគហ៊ុនជាមួយក្រុមហ៊ុនឯកជនទៀតឡើយ គឺគ្រាន់តែទទួល នូវកម្រៃអាជ្ញាបណ្ណ ពន្ធអាករ និងកម្រៃនៃការធ្វើ និយ័តកម្ម ប៉ុណ្ណោះ។
គ) និយត័ករជំនាន់ទី៣ ៖
នៅពេលទីផ្សារទូរគមនាគមន៍មានរចនាសម្ព័ន្ធជាលក្ខណៈមានការប្រកួតប្រជែង គ្នាដោយ ផ្នែកៗ នោះរដ្ឋមានតម្រូវការយ៉ាងចាំបាច់ក្នុងការរៀបចំ និងដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងក្របខណ្ឌ គតិយុត្តក្នុងការនិយ័តកម្មទូរគមនាគមន៍មួយច្បាស់លាស់ ដោយបង្កើត ឱ្យមានស្ថាប័នឯករាជ្យមួយដែល ហៅថា និយ័តករទូរគមនាគមន៍ ឬ អាជ្ញាធរនិយ័តកម្មទូរគមនាគមន៍ ឬគណៈកម្មការនិយ័តកម្ម ទូរគមនាគមន៍ ដើម្បី បង្កើតជាយន្តការនិយ័តកម្មមួយក្នុងការសម្រួល ត្រួតពិនិត្យ ចាត់វិធានការ ក្នុងការលើកតម្កើងនិងទ្រទ្រង់ទីផ្សារដែល ប្រកួតប្រជែងថ្មីនោះ តាមរយៈការបង្កើតនូវច្បាប់ស្តីពីទូរគមនាគមន៍ ក្របខណ្ឌនិងវិធានស្តីពីការប្រកួតប្រជែង ក្របខណ្ឌ គតិយុត្តពាក់ព័ន្ ធដទៃទៀតដូចជា នីតិវិធីនិងលក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណ ការកំណត់ អត្រាកម្រៃអាជ្ញាបណ្ណ និងកម្រៃនៃកាតព្វកិច្ចសេវាសកល ជាដើម ។ល។ ឧទាហរណ៍បញ្ចាក់៖ នោះជាករណីអនុវត្តរបស់ព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ ដោយ បង្កើតឱ្យមានស្ថាប័នធ្វើគោល នយោបាយ និងកិច្ចសហប្រតិបត្តិការ អន្តរជាតិវិស័យទូរគមនាគមន៍ ជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង បង្កើតឱ្យមាន បញ្ញត្តិករ ឬនិយ័តករ ទូរគមនាគមន៍កម្ពុជា ដោយ ច្បាប់ស្តីពីទូរគមនាគមន៍ និងទីផ្សារទូរគមនាគមន៍ មួយដែលមានការ ចូលរួមពីប្រតិបត្តិករឯកជនជាច្រើន ជាមួយនឹងសហគ្រាស សាធារណៈ(ទូរគមនាគមន៍កម្ពុជា) និង មានប្រកួតប្រជែងគ្នាដោយ ស្មើភាព នៅក្នុងទីផ្សារទូរគមនាគមន៍។ ហើយស្ថានភាពបែបនេះ ក៏មាន ការអនុវត្តដូចគ្នា នៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានភាគច្រើន ដូចជា៖
គ១) បណ្តាប្រទេសទាំង ៧ នៅក្នុងអាស៊ាន ដែលបានបង្កើត និយ័តករទូរគមនាគមន៍ រួមមាន៖
– ព្រះរាជាណាចក្រប៊្រុយណេ មានឈ្មោះថា Authority for Info- communications Technology Industry (AITI)។អាជ្ញាធរនេះមានតួនាទី ធ្វើនិយ័តកម្មទាំងវិស័យ ទូរគមនាគមន៍ ទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងទាំងវិស័យសោតទស្សន៍។
– ព្រះរាជាណាចក្រកម្ពុជា មានឈ្មោះថា Telecommunication Regulator of Cambodia(TRC)។ និយ័តករយើងនេះមានតួនាទីធ្វើ និយ័តកម្មតែវិស័យទូរគមនាគមន៍ប៉ុណ្ណោះ និងមិនធ្វើនិយ័តកម្មលើ វិស័យព័ត៌មាន និងសោតទស្សន៍ឡើយ វាជាផ្នែករបស់ក្រសួងព័ត៌មាន។
– ប្រទេសម៉ាឡេស៊ី មានឈ្មោះថា Malaysian Communications and Multimedia Commission (MCMC) ។ គណៈកម្មការមួយនេះមានតួនាទី ធ្វើនិយ័តកម្មលើវិស័យ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវិស័យព័ត៌មាននិងសោតទស្សន៍ ផងដែរ។
– ប្រទេសហ្វីលីពិន មានឈ្មោះថា National Telecommunications Commission (NTC) ។ គណៈកម្មការមួយនេះមានតួនាទីដូចកម្ពុជាផង ដែរគឺធ្វើនិយ័តកម្មតែលើវិស័យទូរគម-នាគមន៍ទេ។
– ព្រះរាជាណាចក្រថៃ មានឈ្មោះថា National Broadcasting and Telecommu-nications Commission (NBTC) ។ គណៈកម្មការមួយនេះ មានតួនាទីធ្វើនិយ័តកម្មទាំងលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន និងវិស័យព័ត៌មាននិងសោតទស្សន៍ផងដែរ។
– ប្រទេសឥណ្ឌូណេស៊ី មានឈ្មោះថា Indonesian Telecommunications Regulatory Authority (BRTI) ។ អាជ្ញាធរមួយនេះមានតួនាទីដូច កម្ពុជាផងដែរគឺធ្វើនិយ័តកម្មតែលើវិស័យទូរគមនាគមន៍ទេ។
– ប្រទេសសឹង្ហបុរី មានឈ្មោះថា Infocomm Development Authority of Singapore (IDA) ។ អាជ្ញាធរមួយនេះ មានតួនាទីធ្វើនិយ័តកម្មទាំងលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន និងវិស័យព័ត៌មាននិងសោតទស្សន៍ផងដែរ។
គ២) បណ្តាប្រទេសចំនួន ០៣ នៅក្នុងអាស៊ាន ដែលមិនបំបែកនិយ័តករចេញពីក្រសួងទូរគមនាគមន៍ រួមមាន៖
– ប្រទេសឡាវ (ដោយហេតុថាប្រទេសនេះមិនបានបើកឱ្យក្រុមហ៊ុន ឯកជនកាន់កាប់ទុន ១០០% ដូចកម្ពុជាទេ គឺត្រូវតែចូលរួមជាមួយរដ្ឋ ដូចករណី នៅពេលទីផ្សារទូរគមនាគមន៍មានរចនាសម្ព័ន្ធជាលក្ខណៈ ម៉ូណូប៉ូលី ឬផ្តាច់មុខឯកជន ដូចមានចែងនៅក្នុងចំណុច (ខ) ខាងលើ គឺមិនតម្រូវឱ្យមាននិយ័តករឯករាជ្យឡើយ។ ប៉ុន្តែក៏បានបំបែកចេញពី ក្រសួងជំនាញម្តងដែរ ហើយបានបូកបញ្ចូលគ្នាវិញ) ។
– ប្រទេសវៀតណាម (ដោយហេតុថាប្រទេសនេះមិនបានបើកឱ្យ ក្រុមហ៊ុនឯកជនកាន់កាប់ទុន ១០០% ដូចកម្ពុជាទេ គឺត្រូវតែចូលរួម ជាមួយរដ្ឋ ដូចករណី នៅពេលទីផ្សារទូរគមនាគមន៍មានរចនាសម្ព័ន្ធជា លក្ខណៈ ម៉ូណូប៉ូលីឬផ្តាច់មុខឯកជន ដូចមានចែងនៅក្នុងចំណុច (ខ) ខាងលើ គឺមិនតម្រូវឱ្យមាន និយ័តករឯករាជ្យឡើយ។ ប៉ុន្តែគេក្រសួងគេ គ្រប់គ្រងទាំងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងវិស័យសោតទស្សន៍ ហើយគេធ្វើនិយ័តកម្មតាមរយៈគណៈកម្មការ អន្តរក្រសួង ឬគណៈកម្មការ ផ្ទៃក្នុងក្រសួង មើលទៅក៏ដូចជាទម្រង់ និយ័តករដែរ តែគ្រាន់តែមិនឯករាជ្យពេញលេញប៉ុណ្ណោះ)។
– ប្រទេសមីយ៉ាន់ម៉ា ថ្វីត្បិតមិនទាន់បង្កើតតែកំពុងតែគិតគូរបង្កើត ព្រោះច្បាប់ស្តីពីទូរគមនាគមន៍ប្រទេស នេះ បានកំណត់រួចហើយ ហើយច្បាប់នេះទើបតែអនុម័តនៅក្នុងឆ្នាំ២០១៣ ប៉ុណ្ណោះ។
គ៣) នៅពេលទីផ្សារទូរគមនាគមន៍មានលក្ខណៈប្រកួតប្រជែងគ្នា ពេញលេញ៖ នោះការធ្វើនិយ័តកម្មមានការ ថយចុះបន្តិច តែក្នុងនោះទី ផ្សារបើកឱ្យមានការប្រកួតប្រជែងយ៉ាងខ្លាំងនិងធំទូលាយ និងតម្រូវឱ្យ មានការ ធ្វើនិយ័តកម្មដោយខ្លួនឯងដែលជំនួសការធ្វើនិយ័តកម្មទៅ ជាការធ្វើនិយ័តកម្មបែប Ex-Post វិញដែលមានន័យថា គឺជាការ អន្តរាគមន៍លើការបរិយាយ ឬសកម្មភាពបំផ្លើសដែលមានលក្ខណៈ ជាការប្រកួតប្រជែងដោយមិនស្មោះ ត្រង់ ឬការឆបោកក្នុងទីផ្សារ (ការដឹកនាំទីផ្សារ) ។ ជា ឧទាហរណ៍៖ ករណីនេះមិនទាន់ការអនុវត្ តនៅក្នុងបណ្តា ប្រទេសអាស៊ានទេ គឺគេអនុវត្តនៅបណ្តាប្រទេសក្នុង សហភាពអ៊ឺរ៉ុប និងបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោក លុះត្រាតែផ្លូវច្បាប់ របស់គេរ៉ឹងមាំណាស់បានអាចអនុវត្តទៅបាន។
ឃ) និយ័តករជំនាន់ទី៤ ៖
ជានិយ័តករដែលត្រូវធ្វើការនិយ័តកម្មដោយបូកបញ្ចូលគ្នារវាងវិស័យទូរគម-នាគមន៍ និងវិស័យសោតទស្សន៍ ។ ជាឧទាហរណ៍បញ្ជាក់៖ ដូចក្នុង ករណី ការអនុវត្តនៅក្នុងព្រះរាជាណាចក្រថៃ ប្រទេសសឹង្ហបុរី និងប្រទេសម៉ាឡេស៊ី។
ង) និយ័តករជំនាន់ទី៥ ៖
ជានិយ័តករដែលត្រូវធ្វើនិយ័តកម្មសហការប្រតិបត្តិការរវាងអន្តរក្រសួង ឬស្ថាប័ន ។ ជាឧទាហរណ៍បញ្ជាក់៖ បច្ចុប្បន្ននេះ មិនទាន់មាននៅ ឡើយទេ ព្រោះនេះជាការបូកបញ្ចូលគ្នារវាងសេវា ហិរញ្ញវត្ថុ ឬគេហៅថា ការបញ្ចូលឌីហ្ស៊ីតាល់ និងបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដូចករណី Wing , E-money, True Money ……..។ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) កំពុងតែសិក្សានៅឡើយ ថាតើ ក្រសួង ឬស្ថាប័នណាជាអ្នកធ្វើនិយ័តកម្មលើកិច្ចការនេះ ដោយស្ថាប័ន ហិរញ្ញវត្ថុ ឬក៏ដោយស្ថាប័នទូរគមនាគមន៍ ឬទាំងពីរ ឬដោយឡែកពីគ្នា ។
៤) ហេតុអ្វីបានជាគេតម្រូវឱ្យមានការធ្វើនិយ័តកម្ម និងក្នុងគោលដៅអ្វី?
– ដើម្បីទប់ស្កាត់កុំឱ្យមានការដួលរំលំនៃទីផ្សារ
– ដើម្បីលើកតម្កើងដល់ការប្រកួតប្រជែងប្រកបដោយតម្លាភាព និងប្រសិទ្ធភាព
– ដើម្បីការពារផលប្រយោជន៍អ្នកផ្តល់សេវា និងអ្នកប្រើប្រាស់
– និងដើម្បីបង្កើនលទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យានិងសេវាកម្ម។
៥) កត្តាអ្វីដែលអាចនាំឱ្យការធ្វើនិយ័តកម្មប្រកបដោយប្រសិទ្ធភាព?
– មានឯករាជ្យភាពក្នុងរចនាសម្ព័ន្ធគ្រប់គ្រង
– មានស្វ័យភាពផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
– និងមានតួនាទី ភារកិច្ចនិងសិទ្ធិអាចធ្វើការសម្រេចកិច្ចការនិយ័តកម្មដោយឯករាជ្យ។
៦) រចនាសម្ព័ន្ធនៃការគ្រប់គ្រងវិស័យទូរគមនាគមន៍ រួមមាន៖
– ស្ថាប័នគោលនយោបាយ គឺជាស្ថាប័នដាក់ចេញនូវក្របខណ្ ឌគតិយុត្ត (ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ) គោល នយោបាយអភិវឌ្ឍន៍ វិស័យ និងផែនការយុទ្ធសាស្រ្ត ដែលជាស្ថាប័នរដ្ឋ ឬក្រសួងជំនាញជា សេនាធិការរបស់រដ្ឋ (ឧទាហរណ៍៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬក្រសួងគមនាគមន៍ និងព័ត៌មាន ដែលកំពុងអនុវត្ត នៅបណ្តា ប្រទេសទាំង ១០ ដែលជាបណ្តាប្រទេសនៃសមាជិកអាស៊ាន)
– ការធ្វើនិយ័តកម្មស្របតាមការកំណត់របស់ស្ថាប័នគោលនយោ បាយ គឺជាការបំបែកនូវស្ថាប័ននិយ័តកម្ម ឬ និយ័តករ (ឧទាហរណ៍៖ ដូចករណី ការបង្កើតនិយ័តករ ឬអាជ្ញាធរនិយ័តកម្ម ឬគណៈកម្មការ និយ័តកម្ម ដែលកំពុងអនុវត្ត នៅបណ្តាប្រទេសទាំង ០៧ ក្នុងចំណោម ប្រទេសទាំង ១០ ដែលជាបណ្តាប្រទេសនៃ សមាជិកអាស៊ាន តែ ប្រទេសចំនួន ០៣ ទៀត ដែលមិនទាន់អនុវត្តដោយហេតុថាគេ មានស្ថានភាពដូចបាន រៀបរាប់ជូនខាងលើ)
– ការធ្វើប្រតិបត្តិការបណ្តាញ និងការផ្តល់សេវា តាមការកំណត់និង ការប្រគល់សិទ្ធិតាម រយៈលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ គឺហៅថាប្រតិបត្តិករ។
៧) ហេតុអ្វីបានជាយើងត្រូវការបង្កើតឱ្យមានស្ថាប័នឬអាជ្ញាធរឯករាជ្យមួយ
សម្រាប់វិស័យនេះ?
ហេតុតែយើងចង់បង្កើតឱ្យមានស្ថាប័នឬអាជ្ញាធរឬគណៈកម្មការឯករាជ្យមួយ សម្រាប់គ្រប់គ្រងវិស័យនេះ គឺ មកពីមានបំណង ចង់ឱ្យ មាន៖
– ស្ថាប័នជំនាញមួយច្បាស់លាស់ និង
– កាត់បន្ថយឥទ្ធិពលនយោបាយ
តើឯករាជ្យអ្វីខ្លះ?
ឯករាជ្យផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងឯករាជ្យក្នុងការសម្រេចចិត្តលើការធ្វើនិយ័តកម្ម ស្របតាមការក្របខណ្ឌគតិយុត្ត គោលនយោបាយ អភិវឌ្ឍន៍ និងផែន ការយុទ្ធសាស្រ្ត ដែលដាក់ចេញដោយរដ្ឋ និងស្ថាប័នគោលនយោបាយ។
តើឯករាជ្យក្នុងកម្រិតណា?
ថាឯករាជ្យពេញលេញក៏បាន ថាមិន អាចឯករាជ្យពេញលេញក៏បាន គឺអាស្រ័យទៅតាមស្ថានភាពនៃទម្រង់ទីផ្សារ និងការកម្រិតរបស់ស្ថាប័នគោលនយោបាយ ។
៨) គោលការណ៍សំខាន់ៗរបស់និយ័តករ ឬអាជ្ញាធរ ឬគណៈកម្មការ និយ័តកម្ម រួមមាន៖
និយ័តករ ឬអាជ្ញាធរឬគណៈកម្មការនិយ័តកម្ម ត្រូវតែ៖
– មានការទទួលស្គាល់ដោយឧស្សាហកម្មថាពិតជាឯករាជ្យ (តម្លាភាព និងគណនេយ្យភាព) ។
– មានជំនាញដើម្បីប៉ាន់ប្រមាណមើល និងមានសុភនិច្ឆ័យ ទៅលើបញ្ហាផលជាក់លាក់នៃបច្ចេកទេស និងឧស្សាហកម្ម។ អ្វីដែលសំខាន់នោះគឺត្រូវមានអង្កការចាត់តាំងត្រឹមត្រូវ និងមានយន្តការរៀបចំ បុគ្គលិកប្រកបដោយជំនាញ ។
– យកមកគិតនូវរាល់ទស្សនៈ និងផលប្រយោជន៍ ដែលរាប់បញ្ចូលនូវរាល់កត្តាពាក់ព័ន្ធ និងបម្រើឲ្យ គោលដៅសេដ្ឋកិច្ច សង្គម និងនយោបាយ តាមរយៈការធ្វើឲ្យមានតុល្យភាព ។
– ការរៀបចំស្ថាប័ន រចនាសម្ព័ន្ធផ្ទៃក្នុង និងរដ្ឋបាល ត្រូវតែអាចបត់ បែនបានគ្រប់គ្រាន់ ដើម្បីអនុញ្ញាត ឲ្យនិយ័តករអាចឆ្លើយតបទៅនឹង តត្តភាពនៃទីផ្សារ ។
៩. ទម្រង់ និងរចនាសម្ព័ន្ធនៃការរៀបចំស្ថាប័ននិយ័តកម្ម ឬនិយ័តករ ៖
៩.១ ទម្រង់ រួមមាន៖
– ទម្រង់និយ័តករបែបឯកតៈវិស័យ៖ គឺជានិយ័តករមានតួនាទី មុខងារ និងភារកិច្ចធ្វើ និយ័តកម្មតែលើ វិស័យទូរគមនាគមន៍ ឬបច្ចេក វិទ្យាគមនាគមន៍និងព័ត៌មាន តែប៉ុណ្ណោះ។ (ករណីដូចការអនុវត្តនៅកម្ពុជាបច្ចុប្បន្ន គឺមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាអ្នកធ្វើ គោលនយោបាយលើវិស័យ ទូរគមនាគមន៍ និងមានបង្កើត និយ័តទូរគមនាគមន៍កម្ពុជា ជាអ្នកធ្វើនិយ័តកម្មលើវិស័យនេះ)។
– ទម្រង់និយ័តករបែបសមាសវិស័យ៖ គឺជានិយ័តករមានតួនាទី មុខងារ និងភារកិច្ចធ្វើ និយ័តកម្មទាំង លើវិស័យទូរគមនាគមន៍ ឬបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទាំង វិស័យសោតទស្សន៍ ។ ករណីនេះ មានការអនុវត្តនៅក្នុង៖
ព្រះរាជាណាចក្រថៃឡង់ដ៍ មានក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ (Ministry of Information and Communication Technology, Thailand ជាអ្នកធ្វើគោលនយោបាយលើវិស័យ ទូរគមនាគមន៍/ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងសោតទស្សន៍ ហើយមាន National Broadcasting and Telecommunications Commission (NBTC) ជាអ្នកធ្វើនិយ័តកម្មលើ វិស័យទូរគមនាគមន៍/ បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន និងសោតទស្សន៍។
ប្រទេសម៉ាឡេស៊ី៖ មានក្រសួងគមនាគមន៍និងពហុផ្សព្វផ្សាយ (Ministry of Communications and Multimedia, Malaysia) ជាអ្នកធ្វើ គោលនយោបាយ លើវិស័យទូរគមនាគមន៍/ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសោត ទស្សន៍ ហើយមាន Malaysian Communications and Multimedia Commission (MCMC) ជាអ្នកធ្វើនិយ័តកម្មលើវិស័យទូរគមនាគមន៍/ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង សោតទស្សន៍។
ប្រទេសសឹង្ហបុរី ៖ មានក្រសួងគមនាគមន៍និងពហុផ្សព្វផ្សាយ (Ministry of Communication and Information, Singapore ) ជាអ្នកធ្វើគោលនយោបាយ លើវិស័យទូរគមនាគមន៍/ បច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន និងសោត- ទស្សន៍ ហើយមាន Info-comm Development Authority of Singapore (IDA) ជាអ្នកធ្វើនិយ័តកម្មលើវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងសោតទស្សន៍។
– ទម្រង់នៃនិយ័តករបែបពហុវិស័យ៖ គឺគឺជានិយ័តករមានតួនាទី មុខងារ និងភារកិច្ចធ្វើនិយ័តកម្មទាំង លើវិស័យទូរគមនាគមន៍ ឬបច្ចេក វិទ្យាគមនាគមន៍និងព័ត៌មាន ទាំងវិស័យសោតទស្សន៍ ទាំងវិស័យ ពាក់ព័ន្ធដទៃទៀត ដូចជា ទឹក ភ្លើង ។ល។ (ករណីដូចនេះ មិនទាន់បាន អនុវត្តនៅក្នុងបណ្តាប្រទេស ទាំង ១០ នៃសមាជិកអាស៊ាន ឡើយ មានតែអនុវត្តនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួន នៅក្នុង សហភាពអ៊ឺរ៉ុប) ។
៩.២ រចនាសម្ព័ន្ធ រួមមាន៖
ការបង្កើតរចនាសម្ព័ន្ធ គឺអាស្រ័យទៅលើកត្តាពីរយ៉ាង គឺ
– តម្រូវការរបស់ប្រទេសនីមួយៗ និង
– គោលដៅសម្រាប់បម្រើ ឱ្យគោលនយោបាយ តម្រូវការនៃច្បាប់ និងតម្រូវការស្ថាប័នជំនាញជាក់លាក់មួយក្នុងការធ្វើនិយ័តកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំង តម្លាភាព។
ម៉ូដែលនៃរចនាសម្ព័ន្ធសម្រាប់បង្កើតស្ថាប័នបែបនេះ មានជាទម្រង់ ពីរប្រភេទ ដូចជា៖
– ប្រភេទជា ទម្រង់ The collegial bodies គឺត្រូវដឹក នាំដោយគណៈកម្មការឬអាជ្ញាធរឬនិយ័តករមួយ មានប្រធាន ០១ រូប និងសមាជិក មួយចំនួន ដែលធ្វើយ៉ាងបូកសរុបចូលគ្នាមានចំនួនសេស អាចជា ៣ អាចជា ៥ អាចជា ៧ អាចជា ៩ អាចជា ១១ ។ល។ ប៉ុន្តែការអនុវត្តសម្រាប់ការធ្វើនិយ័តកម្មទាំងវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ទាំងវិស័យសោតទស្សន៍ ឬថែមទាំងនិងវិស័យ ដទៃទៀត ដូចករណីប្រទេស ថៃឡង់ស៍ ប្រទេសម៉ាឡេស៊ី និងសឹង្ហបុរី។
– ប្រភេទជាទម្រង់ Single Regulator Body គឺដោយគណៈកម្មការ ឬអាជ្ញាធរ ឬនិយ័តករ មួយ មានប្រធាន ០១ រូប និងសមាជិក មួយចំនួន ដែលធ្វើយ៉ាងបូកសរុបចូលគ្នាមានចំនួនសេស អាចជា ៣ អាចជា ៥ អាចជា ៧ អាចជា ៩ អាចជា ១១ ។ល។ ប៉ុន្តែការអនុវត្តសម្រាប់ការ ធ្វើនិយ័តកម្មទាំងវិស័យទូរគមនាគមន៍/ បច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មានតែប៉ុណ្ណោះ និងមិនសម្រាប់ការធ្វើនិយ័តលើវិស័យសោតទស្សន៍ និងវិស័យដទៃទៀតឡើយ។ ដូចករណីប្រទេសកម្ពុជា ប្រទេសប្រ៊ុយណេ ប្រទេសហ្វីលីពិន និង ប្រទេសឥណ្ឌូណេស៊ី និងបណ្តាប្រទេសជាច្រើន ទៀតនៅលើពិភពលោកនេះ។
១០. ក្របខណ្ឌនៃការកែទម្រង់វិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៖
ការធ្វើកំណែទម្រង់សម្រាប់កិច្ចការនៃការដាក់ចេញ គោលនយោបាយ និងការធ្វើនិយ័តកម្មលើ វិស័យទូរគមនាគមន៍/ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន គឺអាស្រ័យទៅតាមការជម្រុញនៅក្នុងប្រទេសនិមួយៗដោយ ផ្អែកទៅតាម ការបេ្តជ្ញាចិត្តជាកម្រិតសកល និងកម្រិតតំបន់ ដើម្បីបើកទីផ្សារទូរគមនាគមន៍របស់ខ្លួន ក្នុងការទាក់ ទាញទុនវិនិយោគ បរទេស និងការធ្វើសុខដុមកម្មនៃនីត្រានុកូល កម្មផ្ទៃក្នុង តាមរយៈការចុះសន្ធិសញ្ញាជាមួយ៖
ក) ថ្នាក់សកលលោក (Global Initiatives and Frameworks) គឺកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងស្ថាប័នអន្តរជាតិដទៃទៀតពាក់ព័ន្ធ។
ខ) ថ្នាក់តំបន់ (Regional Initiatives or Frameworks) គឺកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយសហគមន៍ អាស៊ាន និងអាស៊ានបូកចិន ជប៉ុន អាមេរិក និងប្រទេសផ្សេងៗទៀត និងកិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសនៅតំបន់ទន្លេមេគង្គនិងមេគង្គបូកជាមួយប្រទេសដទៃ ទៀត។ល៕
ដោយ : សិលា