ភ្នំពេញ : ស្អែក ! នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ (គ.ជ.ប) អនុញ្ញាតឱ្យតំណាងគណបក្សនយោបាយ ចំនួន ៤ ចូលជួប ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ គ.ជ.ប ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”ទទួលបាននៅ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប អនុញ្ញាតឱ្យ តំណាងគណបក្សនយោបាយ ចំនួន ៤ រួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន គណបក្សភ្លើងទៀន និងគណបក្សកែទម្រង់កម្ពុជាដើម្បីចូលជួប នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នាទីព្រឹក នៅទីស្ដីការ គ.ជ.ប។
ការអនុញ្ញាតឱ្យចូលជួបនេះ គឺឆ្លើយតបតាមសំណើរបស់គណបក្សនយោបាយទាំង បួនខាងលើ ដែលសុំជួបជាមួយ គ.ជ.ប ដើម្បីបង្ហាញអំពីសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅ កម្ពុជា។
សូមជម្រាបជូនថា សមាសភាព គ.ជ.ប សម្រាប់ជំនួបនេះ រួមមាន ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ព្រមទាំង មន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប មួយចំនួនទៀត។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និង អន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕
ដោយ : សិលា