យោងទៅតាមប្រភពពីមន្ត្រីជាន់ខ្ពស់និងជំនួយការក្នុងសភាអាមេរិកបានឲ្យដឹងថាសហរដ្ឋអាមេរិកគ្រោងនឹងបន្តដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសមីយ៉ាន់ម៉ាដដែលដោយគ្រាន់តែផ្លាស់ប្តូរលក្ខណៈមួយចំនួនដើម្បីបង្កើនឲ្យមានការវិនិយោគនិងពាណិជ្ជកម្មក្នុងប្រទេសនេះ។
ប្រភពដដែលបានបន្តទៀតថាការប្រកាសពីការដាក់ទណ្ឌកម្មបន្តនេះនឹងធ្វើឡើងភ្លាមៗមុនដំណើរទស្សនកិច្ចរបស់រដ្ឋលេខាធិការអាមេរិកលោកJohn Kerry ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី២២ខែឧសភាឆ្នាំ២០១៦។
ក្រសួងរតនាគារសហរដ្ឋអាមេរិកធ្លាប់បានបន្ធូរបន្ធយទណ្ឌកម្មដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈពេញអាជ្ញាបណ្ណទូទៅអនុញ្ញាតឲ្យក្រុមហ៊ុន និងបណ្តាលវិនិយោគទុនជាច្រើនមានឱកាសវិនិយោគក្នុងប្រទេស មីយ៉ាន់ម៉ា។ សហរដ្ឋអាមេរិកបានកាត់បន្ថយទណ្ឌកម្មផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ បន្ទាប់ពីមេដឹកនាំយោធា ធ្វើកំណែទម្រង់របៀបដឹកនាំក្នុងឆ្នាំ២០១១។
មន្ត្រីជាន់ខ្ពស់និងជំនួយការក្នុងសភាអាមេរិក បានអះអាងថា លើកនេះរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនទំនងជាផ្តល់អជ្ញាបណ្ណទូទៅដល់ក្រុមហ៊ុនមួយចំនួន និងដកមនុស្សមួយ ចំនួនចេញពីបញ្ជីទណ្ឌកម្មរបស់រតនាគារអាមេរិក។
ប្រភពពីមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី គាំទ្រចំពោះការបន្តដាក់ទណ្ឌកម្ម ដោយមានការផ្លាស់ប្តូរមួយចំនួននោះ។ លក្ខណៈនៃការដាក់ទណ្ឌកម្មនោះមិនត្រូវឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទូទៅរបស់ប្រទេសមីយ៉ាន់ម៉ានោះទេ តែវានៅតែមានឥទ្ធិពលលើស្ថាប័នមួយចំនួនដែលកាន់កាប់ដោយយោធា៕
ដោយ៖ ដេ វិត