មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ កងទ័ពជើងគោក អគ្គបញ្ជាការការដ្ឋាន បានបញ្ជាក់ថា, នារសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីវៀងចន្ទន៍។

ក្នុងជំនួបនេះ លោក នាយករដ្ឋមន្ត្រីឡាវ បានស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃការអនុវត្តនូវការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន ក្នុងក្របខ័ណ្ឌនៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។ ជាពិសេស លោក នាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទំនាក់ទំនងសាមគ្គីភាពដែលមានប្រវត្តិដ៏យូរលង់រវាងប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យបានកាន់តែជិតស្និទ្ធ និងប្រកបដោយការទុកចិត្តទៅវិញទៅមក ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព និងវិបុលភាពរួម ជាពិសេសការបង្កលក្ខណៈដល់តម្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងសេវាសុខាភិបាល។

លោក ក៏បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រឈមដោះស្រាយបញ្ហាតំបន់ និងសាកលដែលកំពុងកើតមាន ប្រកបដោយភាពត្រឹមត្រូវ។

ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ លោកបានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងបានជួយដល់ប្រទេស និងប្រជាជនឡាវ ក្នុងអំឡុងពេលវិបត្តិគ្រោះអាសន្ននានា ជាពិសេសការផ្តល់ជំនួយជាថវិកា និងសម្ភារបរិក្ខារពេទ្យ រួមទាំងវ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត កូវីដ-១៩។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ លោក នាយករដ្ឋមន្ត្រីឡាវ ចំពោះការគាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ដែលជាកត្តាចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនទាំងពីរឱ្យបានរឹងមាំ និងយូរអង្វែងតទៅអនាគត។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានឆ្លៀតយកឱកាសនោះ នាំជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោក នាយករដ្ឋមន្ត្រីឡាវ និងចូលរួមអបអរសាទរចំពោះការភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសឡាវ ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមជាមួយនឹងការអរគុណចំពោះប្រទេសឡាវ និងប្រជាជនឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print